(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃមុនហ្នឹងស្អី សុទ្ធតែថា បើមិនផ្ទេអំណាច គឺបង្រ្កាប។ អុញ ! អត់ទាន់បានអំណាចផង ប្រុងបង្ក្រាបគេទៅហើយ។ ផ្តាំទៅអាអូនអើយ»។ ការលើកឡើងរបស់សម្តេចតេជោបែបនេះ ធ្វើឡើងបន្ទាប់ពីនាថ្មីៗនេះ លោក សម រង្ស៊ី បានសរសេរនៅលើ Facebook របស់ខ្លួនដោយអះអាងថា គណបក្សសង្រ្គោះជាតិមានជំនឿចិត្ត ក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០១៨ ហើយថាបន្ទាប់ពីនោះគណបក្សប្រជាជននឹងក្លាយ ជាគណបក្សប្រឆាំងរដ្ឋាភិបាល។ បើគណបក្ស ប្រជាជនមិនសុខចិត្តប្រឆាំងនឹងលទ្ធផលឆ្នោតនោះ នឹងក្លាយជាពួកឧទ្ទាម ហើយគណបក្សសង្រ្គោះជាតិ នឹងធ្វើការបង្រ្កាបតែម្តង។
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្តបន្ទរថា លោក សម រង្ស៊ី ដែលជាមេដឹកនាំក្រុមឧទ្ទាមក្រុង នៅកម្ពុជា បានសារភាពពីសកម្មភាពឧទ្ទាមរបស់ខ្លួនហើយ ! នៅក្នុងបរិបថនយោបាយកម្ពុជាបច្ចុប្បន្ន គឺឋិតនៅក្នុងរបបនយោបាយ «សេរីពហុបក្ស» ដែលបានចែងដោយ ក្រុមស្ថាបនិកកសាងព្រះរាជាណាចក្រកម្ពុជាទីពីរ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន (១៩៩៣)។ យន្តការនៃការរៀបចំការបោះឆ្នោត (គ.ជ.ប) ការសម្រេច និងបញ្ចេញលទ្ធផល នៃការបោះឆ្នោតជាផ្លូវការ គឺជាភារកិច្ច របស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជាមួយនិងអំណាចផ្លូវច្បាប់ក្នុងការសម្រេចក្តីនៃវិវាទ នៃការបោះឆ្នោត។ ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជតួនាទីផ្លូវច្បាប់ក្នុងការកោះប្រជុំជាផ្លូវការលើកដំបូង នៃអាណត្តិនីមួយៗរបស់រដ្ឋសភា និងជារួមគឺប្រតិបត្តិតាមច្បាប់បោះឆ្នោតកម្ពុជា ដែលគ្មានក្រុមណា ឬបុគ្គលណា ទោះជាខ្មែរ ឬបរទេស មានសិទ្ធិអំណាចជ្រៀតជ្រែកនៃដំណើរការនេះបានឡើយ។
ក៏ប៉ុន្តែរាល់ការប្រកាសនៃលទ្ធផលបោះឆ្នោតសកលម្តងៗ កម្ពុជាទទួលបានការកត់ត្រាជាប្រវត្តិសាស្ត្រ នូវការបះបោរប្រឆាំងរបស់គណបក្ស ដែលមិនទទួលបាន ការគាំទ្រភាគច្រើនរបស់ប្រជាពលរដ្ឋខ្មែរ ដែលគណបក្សនោះតែងតែប្រើប្រាស់ពាក្យ និងឥរិយាបថជា «គណបក្សប្រឆាំង» ដែលគ្មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
សកម្មភាពទាំងនោះ ខ្ញុំផ្ទាល់ខ្លួនក៏បានបកស្រាយថា៖ ជាសកម្មភាពឧទ្ទាមប្រឆាំង និងឆន្ទះច្បាប់ និងឆន្ទះប្រជាពលរដ្ឋ ដែលលោកសម្រេចចិត្តតាមរយៈ ការបោះឆ្នោតសកលនេះផងដែរ។ នៅពេលថ្មីៗនេះ គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមេដឹកនាំក្រុម «ឧទ្ទាមក្រុងនៅកម្ពុជា» ក៏បានវិនិច្ឆ័យទៅលើសកម្មភាពបះបោរ ដែលមិនគោរពលទ្ធផល នៃការបោះឆ្នោតសកលនេះ គឺជា «សកម្មភាពឧទ្ទាម» រហូតដល់ប្រើពាក្យហិង្សា នៃសារជាតិរបស់ឧទ្ទាមថា «ត្រូវតែកម្ទេច» ដែលធ្វើឲ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ដ៏មានឥទ្ធិពល និងមានប្រជាប្រិយភាពជាមួយ និងការគោរពគាំទ្រពីមហាជន រាល់គ្រប់អាណត្តិនោះហួសចិត្តថា «មិនទាន់មានអំណាចផង ហ៊ានប្រើពាក្យហិង្សាកម្ទេច»។ ពាក្យ «កម្ទេច» នេះញ៉ាំងឲ្យសាធារណៈជនយល់ច្បាស់ពីចរិក នៃសណ្តានភាពហិង្សាក្រៅច្បាប់របស់ក្រុមឧទ្ទាម៕