(ភ្នំពេញ)៖ នៅសល់តែ២ថ្ងៃទៀតទេ តុលាការរាជធានី នឹងចុះអនុវត្តសាលដីការឹបអូស យកផ្ទះដែលជាកម្មសិទ្ធិ របស់អ្នកចាញ់ក្ដី ហើយត្រូវបាន លក់ឡៃឡុង ដោយតុលាការ ដើម្បីផ្ដល់ជាសំណងដល់ភាគីឈ្នះក្ដី តែលោកយិន សុវណ្ណី ដែលជាម្ចាស់ផ្ទះ ហើយចាត់ទុកថាលោកគឺជា ជនរងគ្រោះក្នុងរឿងក្ដីនេះ បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៏ផ្ដល់ភាពយុត្តិធម៌ ដល់រូបលោកដោយក្ដីអនុគ្រោះ ព្រោះរូបលោករងគ្រោះ អស់លុយ រាប់សែនដុល្លារពី ការទិញអាជ្ញាប័ណ្ណខ្សាច់ពីលោកឡៅ ស៊ុនប៉ា តែមិនបាន អាជ្ញាប័ណ្ណហើយ ត្រូវលោកឡៅ ស៊ុនប៉ា ប្ដឹងរឹបអូសយកផ្ទះទៀត។
ករណីអយុត្តិធម៌កើតឡើង ចំពោះភាគីអ្នកទិញដែលបានចំណាយលុយ អស់រហូតដល់ទៅជាង ២០មុឺនដុល្លារហើយ មិនទទួលបានអាជ្ញាប័ណ្ណ ខ្សាច់ដូចតាមកិច្ចសន្យា និងត្រូវបានភាគីអ្នកលក់ប្ដឹង ទាមទារលុយដែលនៅសល់ រហូតដល់តុលាការកាត់ក្ដី កំបាំងមុខអោយភាគីអ្នកទិញ ចាញ់និងបង្គាប់អោយរឹប អូសយកផ្ទះលក់ឡៃឡុង សងជាសំណងដល់ភាគីអ្នកលក់ថែមទៀតផងនោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ តុលាការនឹងលើកគ្នាទៅរឹបអូស យកផ្ទះរបស់ភាគីអ្នកទិញ សារជាថ្មីទៀត ហើយខណៈកន្លងមកតុលាការធ្លាប់ចុះទៅអនុវត្តជាច្រើនដង តែមិន អនុវត្តបាន ព្រោះតែរឿងក្ដីនេះវាអយុត្តិធម៌ខ្លាំងពេកចំពោះភាគីអ្នកទិញ ដែលរងគ្រោះម្ដង ជាពីរដង ហើយភាគីអ្នកទិញសំណូមពរ សូមអោយ សម្ដេចតេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៏លើករណីនេះផងដើម្បីកុំអោយជនខិលខូចចេះតែដើរធ្វើផ្ដេសផ្ដាស់រំលោភបំពាន គេឯងស្រេច នឹងចិត្តតទៅទៀត។
ជាមួយនោះផងដែរ លោកយិន សុវណ្ណីក៏បានសរសេរ លិខិតទៅលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុំអន្តរាគមន៏ ផ្អាកការអនុវត្តសាលដីការឹបអូសផ្ទះរបស់លោក ដើម្បីទុកពេលអោយលោកប្ដឹងសើរើ ក្នុងរឿងក្ដីនេះដើម្បីផ្ដល់យុត្តិធម៌ដល់រូបលោកវិញផងដែរ។ តាមការរៀបរាប់ពីលោកយិន សុវណ្ណី ដែលជាភាគីអ្នកទិញ នឹងជាអ្នករងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៨ លោកបានព្រម ព្រៀង ចុះកិច្ចសន្យាទិញក្រុមហ៊ុនដាយមិនសិន របស់លោកឡៅ ស៊ុនប៉ា ដែលអះអាងថាមានអាជ្ញាប័ណ្ណរ៉ែខ្សាច់ក្នុងតម្លៃ២៩មុឺនដុល្លារ។ ក្នុងនោះភាគីអ្នកលក់ត្រូវ ធានារត់ការផ្ទេរអាជ្ញាប័ណ្ណរ៉ែ និងផ្ទេរក្រុមហ៊ុនមក អោយភាគីអ្នកលក់ថែមទៀតផង។
បន្ទាប់ពីចុះកិច្ចព្រមព្រៀងហើយ ភាគី អ្នកទិញបានប្រគល់លុយទៅ អោយភាគីអ្នកលក់ជាបន្តបន្ទាប់ ដែលសរុបអស់ទឹកប្រាក់ខ្ទង់ ២៥មុឺនដុល្លារ(មានឯកសារ)។ ក្នុងនោះដើម្បីធានា ដល់ការផ្ទេរអាជ្ញាប័ណ្ណអោយមានប្រសិទ្ធភាព ភាគីអ្នកទិញបានផ្ដល់ទឹកប្រាក់ចុងក្រោយជាសែក៣មុឺនដុល្លារចំនួន២សន្លឹកស្មើ៦មុឺនដុល្លារទៅ ភាគីអ្នកលក់ដោយ កំណត់រយៈពេល បើកជាសាច់ប្រាក់បាននៅ ពេលណាដែលភាគីអ្នកលក់ រត់ការផ្ទេរអាជ្ញាប័ណ្ណ រួចរាល់អោយភាគីអ្នកទិញ។
ប៉ុន្តែខណៈភាគីអ្នកលក់មិនទាន់រត់ការផ្ទេរអាជ្ញាប័ណ្ណបានផង ស្រាប់តែនៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលចេញសេចក្ដីសំរេចស្ដីពី ការកំណត់ការធ្វើអាជីវកម្មខ្សាច់ដោយបញ្ឈប់ការនាំខ្សាច់ទៅក្រៅប្រទេស ធ្វើអោយកិច្ច សន្យាទិញ លក់ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណខ្សាច់ខាង លើនេះអស់សុពលភាព ហើយភាគីអ្នកទិញខ្លាចបាត់បង់ប្រាក់៦មុឺនដុល្លារដែលដាក់នៅក្នុងគណនី ធនាគារក៏ទៅដកយកសាច់ប្រាក់នោះវិញ ធ្វើអោយសែក២សន្លឹក ដែលលោកយិន សុវណ្ណី ប្រគល់ទៅអោយលោកឡៅ ស៊ុនប៉ា នោះគ្មានសាច់ប្រាក់។
ចំណែក លោកឡៅ ស៊ុនប៉ា ពេល ដឹងថារាជរដ្ឋាភិបាលបញ្ឈប់ ការនាំខ្សាច់ចេញទៅក្រៅប្រទេស ធ្វើអោយអាជ្ញាប័ណ្ណខ្សាច់របស់ខ្លួន ដែលលក់ទៅអោយលោក យិន សុវណ្ណី គ្មាន តម្លៃ ក៏ប្រញាប់ទៅដកសាច់ប្រាក់៦មុឺនដុល្លារ តាមរយៈសែក២សន្លឹក តែខាងធនាគារបញ្ជាក់ថាគ្មានសាច់ប្រាក់ ចុងក្រោយក៏ដាក់ពាក្យ បណ្ដឹង ទៅតុលាការប្ដឹងលោកយិន សុវណ្ណីពីបទចេញសែកអត់សាច់ប្រាក់(សែកស្អុយ)ដោយប្ដឹងទាមទារប្រាក់ដែលនៅសល់៦មុឺនដុល្លារ និងទារជំងឺចិត្ត ថែមទៀតផង។
លោកយិន សុវណ្ណីបានបន្ថែមថា ក្រោយលោក ឡៅ ស៊ុនប៉ា ប្ដឹង តុលាការបានកាត់ក្ដីជាបន្តបន្ទាប់ខ្លះកំបាំងមុខ ពេលខ្លះមិនបាន ហៅលោក ទៅសាកសួរនោះឡើយ រហូតដល់ទុកអោយសាលដីកាចូលស្ថាពរ និងតុលាការប្រកាសលក់ឡៃឡុងទាំងម្ចាស់ផ្ទះមិនដឹងខ្លួន ហើយ ចុះរឹបអូសយកផ្ទះរបស់លោកប្រគល់ទៅអោយអ្នកទិញដើម្បីយកលុយផ្ដល់សំណងដល់លោកឡៅ ស៊ុនប៉ា។ ពាក់ព័ន្ធរឿងរ៉ាវអយុត្តិធម៌ខាងលើនេះ លោកយិន សុវណ្ណី បានបញ្ជាក់ថាក្នុងកិច្ចសន្យាតម្រូវអោយលោកឡៅ ស៊ុនប៉ា ភាគីអ្នកលក់រត់ការផ្ទេរ ក្រុមហ៊ុន និង អាជ្ញាខ្សាច់អោយលោកអោយបានរួចរាល់ទើប លោកប្រគល់លុយអោយគ្រប់ តែទើបរត់ការបានត្រឹមcdcនិងក្រសួងពាណិជ្ជកម្ម ប៉ុណ្ណោះ នៅខ្វះក្រសួងរ៉ែ ក្រសួង បរិសា្ថន និងក្រសួងធនធានទឹកទៀត បែរមកទាមទារយកលុយ៦មុឺនដុល្លារ ចុងក្រោយទៅវិញ បើទោះបីនៅក្នុង លិខិតប្រគល់ឯកសាររបស់លោកឡៅ ស៊ុនប៉ា ទៅអោយលោកមេធាវីកែវ យ៉ា ដែលជាមេធាវីរបស់លោកយិន សុវណ្ណី មិនមានចំណុចណាមួយ បញ្ជាក់ថាលោកឡៅ ស៊ុនប៉ា បានប្រគល់ឯកសារអាជ្ញាប័ណ្ណខ្សាច់ច្បាប់ដើមក៏ដោយ។
មានន័យថាលោកឡៅ ស៊ុនប៉ា លក់អាជ្ញាប័ណ្ណខ្សាច់អោយ លោកយិន សុវណ្ណី ក្នុងតម្លៃ២៩មុឺនដុល្លារ ទទួលបានលុយជាង២០មុឺនដុល្លារ មិនប្រគល់អាជ្ញាប័ណ្ណច្បាប់ដើម អោយអ្នកទិញហើយ នៅប្ដឹងទារ លុយនៅសល់៦មុឺនដុល្លារថែមទៀត។ ពាក់ព័ន្ធការអះអាងរបស់លោកយិន សុណ្ណី ខាងលើនេះ លោកឡៅ ស៊ុនប៉ា ធ្លាប់បានអះអាង ប្រាប់ Fresh News កាលពីថ្មីៗនេះថា លោកយិន សុវណ្ណី ទិញអាជ្ញាប័ណ្ណខ្សាច់ពីលោកក្នុងតម្លៃ២៩មុឺនដុល្លារ លោកប្រគល់អាជ្ញាប័ណ្ណតាមរយៈមេធាវីអស់ហើយ នៅខ្វះលុយចំនួន៦មុឺនដុល្លារ ក៏ប្រគល់ សែកអោយលោកចំនួន២សន្លឹកស្មើទឹកប្រាក់៦មុឺនដុល្លារ ពេលលោកទៅបើក បែរជាធនាគារថាសែកអត់សាច់ប្រាក់ទៅវិញ ទើបលោកប្ដឹងទៅតុលាការ ពីបទចេញសែកអត់សាច់ប្រាក់តែម្ដងទៅ។
ប៉ុន្តែលោកយិន សុវណ្ណី បានអះអាងថាបើលោកឡៅ ស៊ុនប៉ា មានឯកសារដែលបញ្ជាក់ថាបានប្រគល់អាជ្ញា ប័ណ្ណខ្សាច់ច្បាប់ដើមដល់រូបលោកពិតមែន សូមបង្ហាញមក តាមពិតគឺប្រគល់តែឯកសារថតចំលង និងឯកសារមិនពេញលក្ខណៈច្បាប់តែប៉ុណ្ណោះ។
លោក យិន សុវណ្ណី បានបន្ថែមថាតាមពិតសែក២សន្លឹកនោះគឺមានសាច់ប្រាក់នៅក្នុងធនាគារ តែពេលលោកប្រគល់ទៅអោយលោកឡៅ ស៊ុនប៉ា គឺមិនអាច បើកបានភ្លាមៗទេ ទាល់តែលោកឡៅ ស៊ុនប៉ា រត់ឯកសារផ្ទេរអាជ្ញាប័ណ្ ណមកអោយលោករួចរាល់ទើបអាចបើកប្រាក់បាន តែលោកឡៅ ស៊ុនប៉ា រត់ឯកសារ ផ្ទេរអាជ្ញាប័ណ្ណមិនទាន់បានផង រាជរដ្ឋាភិបាលក៏សំរេចបិទអាជីវកម្មនាំខ្សាច់ទៅក្រៅប្រទេស ធ្វើអោយអាជ្ញាប័ណ្ណខ្សាច់ដែលលោកឡៅ ស៊ុនប៉ា លក់មក អោយខ្លួនទៅជាអាជ្ញាប័ណ្ណ ដែលមិនអាចធ្វើអាជីវកម្មនាំខ្សាច់ទៅក្រៅប្រទេសបាន ហើយដោយខ្លាចអស់លុយ៦មុឺនដុល្លារថែមទៀត លោកក៏ប្រញាប់ ទៅដកលុយនោះពីកុងធនាគារវិញ ពេលលោកឡៅ ស៊ុនប៉ា ទៅបើក អត់លុយក៏ប្ដឹងតែម្ដងទៅ៕