(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញ គោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យសិល្បៈទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន នៅគេហដ្ឋានសពនាក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងបានបួងសួងសុំឲ្យវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យសិល្បៈទេពបញ្ញាកោសល្យវិជ្ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
សូមរំលឹកថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការអប់រំបណ្ដុះឆន្ទៈសិល្បករ-សិល្បការនី ឲ្យស្រឡាញ់សិល្បៈវប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ ព្រមទាំងបានជួយសង្គ្រោះសិល្បៈស្ទើរគ្រប់ទម្រង់ឲ្យរស់ឡើងវិញ ក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ លោកព្រឹទ្ធាចារ្យ ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឃោសនាការ និងព័ត៌មាន នៅទសវត្សរ៍ឆ្នាំ៨០ និងជាស្ថាបនិកនៃមជ្ឈ មណ្ឌលវប្បធម៌ និងវិបស្សនាផងដែរ។
លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង ១៖០០ រសៀលក្នុងជន្មាយុ ៨៦ឆ្នាំដោយរោគាពាធ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ ជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់កម្ពុជាផងដែរ៕