(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅ អនុវត្តការងារបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន ក្នុងកិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពី គណៈកម្មាធិការបក្សខេត្ត ក្រុមការងារយុវជនបក្សខេត្ត ក្រុង ស្រុក គណៈកម្មាធិការបក្សឃុំ សង្កាត់ សាខាបក្សភូមិ និងសកម្មជនយុវជនគណបក្សសរុបប្រមាណ៨៥០នាក់។
កិច្ចប្រជុំបានបូកសរុបលទ្ធការងារឆ្នាំ២០១៦ និងបានលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ដោយក្រុមការងារយុវជនបានប្តេជ្ញា សម្រេចជោគជ័យឲ្យខាងតែបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ជានិរន្តរ៍ ។
ថ្លែងក្នុងឱកាសនោះលោក អ៊ី ឈាន បានធ្វើការកោតសរសើរចំពោះក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្ត ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើសកម្មភាព បម្រើប្រជាជន និងសង្គម និងធ្វើការវាយបកលើគណបក្សប្រឆាំង ដែលបង្កចលាចលក្នុងសង្គម ក៏ដូចបណ្តាញសង្គម Facebook លោកបន្តថា យុវជនគណបក្សជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការសម្រេចភារកិច្ចជូនគណបក្ស និងជាអ្នកបន្តវេនរបស់គណបក្ស ទន្ទឹមនឹងនោះសូមឲ្យក្មួយៗខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារ ដើម្បីក្លាយជាអ្នកបន្តវេនរបស់គណបក្សប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន៕|