(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង ,គណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករ ទៅបរទេសនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយសហគមន៍កម្ពុជាស្ម័គ្រចិត្ត អឺយចុងប៊ូ និងពុទ្ធិកសមាគមកម្ពុជរដ្ឋ បានរៀបចំ កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា និងពិធីគោរពគុណមាតាបិតា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេស កូរ៉េខាងត្បូង។
កម្មវិធី «អប់រំសីលធម៌ព្រះពុទ្ធសាសនា និងពិធីគោរពគុណមាតាបិតា» បានរៀបចំឡើង ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សាធារណរដ្ឋកូរ៉េខាងត្បួង ប្រមាណជា ៨០០នាក់ នៅទីតាំងពីរផ្សេងគ្នា គឺនៅទីក្រុងអ៊ឺយចុងប៊ូ និងនៅទីក្រុងស៊ូវ៉ុន។ កម្មវិធីក៏មានការ ចូលរួមពីសំណាក់សមាជិកសភាជាតិកូរ៉េ អភិបាលក្រុងស៊ូវ៉ុន និងប្រធានមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ទីក្រុងស៊ូវ៉ុនផងដែរ។
ការរៀបចំកម្មវិធីខាងលើនេះ គឺដើម្បីឲ្យបងប្អូនពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការអប់រំផ្លូវចិត្ត និងយល់កាន់តែជ្រួតជ្រាបពី គុណមាតាបិតា និងការប្រព្រឹត្តតែអំពើល្អនៅក្នុងសង្គម ជាមួយនឹងសាមគ្គីភាពនៃប្រជាជាតិតែមួយ ពីសំណាក់ ព្រះសិរីកោសល សុំ សុខា, ព្រះតេជគុណ សុក សុភាព, ពៅ សុភ័ភ្រ្ភ និង រិន សារ៉ូ៕