(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល ការងារពាណិជ្ជកម្ម ឆ្នាំ២០១៦ របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៦ មានក្រុមហ៊ុនថ្មី ២៩៣៧ក្រុមហ៊ុន បានចុះបញ្ជីពាណិជ្ជកម្ម នៅកម្ពុជា ដែលតួលេខនេះ បានធ្លាក់ចុះ២៦% បើធៀបនឹងឆ្នាំ២០១៥។

បើតាមរបាយការណ៍ ក្រុមហ៊ុនថ្មីទាំងនោះ សុទ្ធតែជាក្រុមហ៊ុន ក្នុងស្រុកដែលបង្កើតថ្មី ការិយាល័យតំណាងពាណិជ្ជកម្ម និងសាខាក្រុមហ៊ុនបរទេស។

យ៉ាងណាក៏ដោយ បើតាមរបាយការណ៍ នៅឆ្នាំ២០១៦ មានក្រុមហ៊ុនចំនួន៣០ក្រុមហ៊ុន ត្រូវក្រសួងពាណិជ្ជកម្ម លុបចេញពីបញ្ជី ពាណិជ្ជកម្មផងដែរ។

ជាមួយគ្នានេះ បើតាមរបាយការណ៍ នៅឆ្នាំ២០១៦ ការចុះបញ្ជីថ្មីសម្រាប់សហគ្រាស ឯកបុគ្គល មានចំនួន៧៨៦សហគ្រាស ហើយចុះ៤០% ខណៈឯសហគ្រាស ឯកបុគ្គល ចំនួន១ ត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៦ មានក្រុមហ៊ុនចំនួន១០,៩០៤ក្រុមហ៊ុន និង១,២៤១សហគ្រាស បានធ្វើការចុះបញ្ជីពាណិជ្ជកម្មសារឡើងវិញ៕