(មូស្គូ)៖ ប្រអប់ខ្មៅដែលត្រូវបានក្រុមរុករកស្រង់ចេញពីក្នុងទឹកសមុទ្រនោះ គឺជាប្រអប់ «Flight-Data Recorder» របស់យន្ដហោះយោធារុស្ស៊ីដែលបានធ្លាក់ទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអាទិត្យ ខណៈប្រអប់ «Cockpit-Voice Recorder» ពុំទាន់ត្រូវបានរកឃើញនៅឡើយទេ ហើយក្រៅពីសាកសពមនុស្សចំនួន ១៣នាក់ដែលត្រូវបានរកឃើញ សាកសពជាច្រើននាក់ផ្សេងទៀតត្រូវបានគេជឿជាក់ថាអាចនៅជាប់ក្នុងយន្តហោះដែលលិចក្នុងទឹកនោះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដែលចេញផ្សាយដោយសារព័ត៌មាន RT នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ក្រុមអ្នកជួយសង្រ្គោះប្រមាណជា ៣,៥០០នាក់ រួមជាមួយនាវា ៣៩គ្រឿង និងក្រុមអ្នកមុជទឹកបានចេញប្រតិបត្តិការស្វែងរកប្រអប់ខ្មៅរបស់យន្ដហោះ ក៏ដូចជាសាកសពជនរងគ្រោះទាំងអស់ ហើយជាលទ្ធផលពួកគេបានរកឃើញសាកសពមនុស្ស១៣នាក់ និងប្រអប់ខ្មៅ «Flight-Data Recorder» ជាឧបករណ៍ដាច់ដោយឡែកមួយដែលមានតួនាទីរក្សាទុកនូវទិន្នន័យថ្មីៗរបស់យន្តហោះនៅជម្រៅប្រមាណ១៧ម៉ែត្រ និងបំណែកចំនួនប្រាំបន្ថែមទៀតនៃយន្ដហោះយោធារុស្ស៊ីធុន Tu-154 នៅជម្រៅ៣០ម៉ែត្រ។
ប្រអប់ខ្មៅទីមួយដ៏សំខាន់នេះ នឹងត្រូវបញ្ជូនទៅកាន់វិទ្យាស្ថាន សិក្សាស្រាវជ្រាវនៃក្រសួងការពារជាតិរុស្ស៉ី នៅឯទីក្រុង Lyubertsy នៅក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រង់យកទិន្នន័យ នៃការសន្ទនារបស់អាកាសយានិក។
គួរបញ្ជាក់ថាយន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស ៩២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥នាទីទៀបភ្លឺថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងមូស្គូ) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ីក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរីដើម្បីអបអរសារទរបុណ្យណូអ៊ែល និងរៀបចំ ការប្រគំតន្ត្រី សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅទីនោះ។ រីឯការសន្និដ្ឋានជំហានដំបូងឲ្យដឹងថា មូលហេតុធ្លាក់គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់ពីឡុត ហើយវាមិនមែនជាទង្វើភេរវកម្មនោះទេ៕