(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar ឲ្យវាយតម្លៃឲ្យបានត្រឹមត្រូវអំពីសភាពការណ៍នៅក្នុងប្រទេសកម្ពុជាទាំងនយោបាយ និងការវិវឌ្ឍន៍របស់សង្គម។
ការស្នើឲ្យសហភាពអឺរ៉ុបវាយតម្លៃឲ្យបានត្រឹមត្រូវចំពោះស្ថានការណ៍នៅកម្ពុជា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ជាមួយលោក George Edgar នៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
សហភាពអឺរ៉ុប ជាសហគមន៍អន្តរជាតិមួយ ដែលធ្លាប់បានស្នើឲ្យកម្ពុជាប្រឹងប្រែងលើកម្ពស់សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឲ្យបានកាន់តែល្អប្រសើរ ជាពិសេសសិទ្ធិសេរីភាពនយោបាយ។ ការស្នើនេះបានធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងនៅកម្ពុជា គឺលោក សម រង្ស៊ី ត្រូវបានប្រឈមមុខជាបន្តបន្ទាប់ ជាមួយផ្លូវច្បាប់រហូតរត់គេចខ្លួនទៅក្រៅប្រទេស។ សភាសហភាពអឺរ៉ុប ក៏ធ្លាប់បានពិភាក្សាពីការកាត់ជំនួយមកប្រទេសកម្ពុជា តាមសំណើរបស់ប្រមុខបក្សប្រឆាំងផងដែរ។
ឆ្លើយតបបញ្ហានេះ នៅក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកមកបង្ហាញលោក George Edgar លើបញ្ហាជាច្រើនពាក់ព័ន្ធស្ថានការណ៍ និងការវិវឌ្ឍន៍នៅក្នុងសង្គមកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា។
លោក ជុំ សុន្ទរី បានឲ្យដឹងថា ក្នុងជំនួបនោះលោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ជាប្រក្រតី នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងថា តាមរយៈប្រក្រតីភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចនេះ គឺបានបង្ហាញឲ្យយ៉ាងច្បាស់ពីស្ថានការណ៍ល្អប្រសើរ នៃដំណើរការរបស់កម្ពុជា។ លោក ប្រាក់ សុខុន ក៏បានលើកបង្ហាញពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក៏ដូចជាដំណើរការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីខែវិច្ឆិកាកន្លងទៅ។
លោក ប្រាក់ សុខុន ថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់ ប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងអាចទទួលបានពីគ្រប់ភាគី ពោលគឺគ្មានការលួចបន្លំសន្លឹកឆ្នោត ដូចជនអគតិមួយចំនួនបានលើកឡើងនោះទេ។
លោក ប្រាក់ សុខុន ក៏បានលើកឡើងពីការវិវឌ្ឍន៍ស្ថានការណ៍នយោបាយក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសការទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រខ្មែរ របស់ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោក ប្រាក់ សុខុន បានស្នើឲ្យឯកអគ្គរដ្ឋទូតអឺរ៉ុប វាយតម្លៃឲ្យបានត្រឹមត្រូវចំពោះសភាពការណ៍ក្នុងប្រទេសកម្ពុជា ដោយមិនត្រូវស្តាប់តែមតិរបស់បក្សនយោបាយ ឬភាគីម្ខាងៗនោះទេ។
ឆ្លើយតបបញ្ហានេះ លោក George Edgar បានថ្លែងតបថា សហភាបអឺរ៉ុប រក្សាទំនាក់ទំនងគ្រប់បក្សនយោបាយទាំងអស់នៅក្នុងប្រទេសកម្ពុជា អត់មានកាន់ជើងបក្សនយោបាយណាមួយនោះឡើយ។ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានទទួលស្គាល់ពីការផ្លាស់ប្តូរ និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ៕