(កំពង់ធំ)៖ ជនសង្ស័យមួយក្រុមមានគ្នា២នាក់ បានចូលទិញកាតទូរស័ព្ទ នៅផ្ទះផ្ទេរប្រាក់ «Wing» មួយកន្លែង ដោយបន្លំលួចលុយអស់ ជាង២,០០០ដុល្លារ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់កែងផ្លូវថ្មី ស្ថិតនៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ស្ដ្រីជនរងគ្រោះដែលជាម្ចាស់ផ្ទះផ្ទេរលុយ ឈ្មោះ ណារ៉េន អាយុ២១ឆ្នាំ ប្តីឈ្មោះ វុន សារិទ្ធ អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានផ្ទេរលុយ និងលក់កាតទូរស័ព្ទជាធម្មតា លុះដល់វេលាកើតហេតុ ខាងលើស្រាប់តែយុវជនពីរនាក់ ជិះម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មិនចាំស្លាកលេខឈប់ទិញកាតទូរស័ព្ទ ហើយជនសង្ស័យបាននិយាយថា «សុំយកកាតមកឲ្យខ្ញុំផង ខ្ញុំចុះពីលើមិនរួចទេ» ដោយឃើញថាអ្នកទិញឈឺជើង ចុះពីលើម៉ូតូមិនរួច ក៏យកកាតទូរស័ព្ទទៅឲ្យ ឈ្លាតឱកាសក្នុងមួយពព្រិចភ្នែក បក្សពួកជនសង្ស័យ ម្នាក់ទៀត ក៏ចូលទៅយកលុយខ្មែរ និងលុយដុល្លារសរុបអស់ ប្រមាណ២,០០០ដុល្លារ។
ជនរងគ្រោះបន្ដថា ក្រោយមកក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព។ ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកបារាយណ៍ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យមក ផ្ដន្ទាទោសតាមច្បាប់៕