(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យអគ្គមេបញ្ជាការរងទាំងអស់ បន្ដយកចិត្តទុកដាក់ កសាងពង្រឹងរបៀបការពារជាតិឲ្យបានរឹងមាំលើគ្រប់វិស័យ ដោយដើរទន្ទឹមនឹងកសាងបណ្តាកងឯកភាព ទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន បង្កនូវបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ការជំរុញបែបនេះ របស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារ ឆ្នាំ២០១៧។ កិច្ចប្រជុំនេះ មានការចូលរួមពី នាយឧត្តមសេនីយ៍ ជាអគ្គមេបញ្ជាការរង ជាច្រើនរូបផងដែរ។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃទាំងឡាយ ដែលកងយោធពលខេមរភូមិន្ទ សម្រចបាននូវភារកិច្ចជាច្រើន លើភារកិច្ចការពារជាតិ និងការចូលរួមទប់ស្កាត់បង្ក្រាបរាល់បទល្មើសនានា ដោយរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរជូន សង្គមជាតិ។
នាយឧត្តមសេនីយ៍បន្ដថា គ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទរក្សាបានយ៉ាង ខ្ជាប់ខ្ជួនក្នុងការ គោរពវិន័យ មានសាមគ្គីផ្ទៃក្នុងអោយបានស្អិតរមួត បន្តខិតខំហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តតូនាទីភារកិច្ចរបស់ខ្លួន ទទួលបានស្នាដៃគួរ ជាទីមោទនៈ រក្សាការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងរក្សាបាន ល្អនូវចំណងមិត្តភាពរវាងកងទ័ព នៃបណ្តាប្រទេសជាមិត្ត។
បន្ថែមពីនេះ ក្នុងទិសដៅអនុវត្តការងារឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសង្កត់ធ្ងន់ថា «ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងពង្រឹងប្រៀបការពារជាតិឱ្យបានរឹងមាំលើគ្រប់វិស័យ ដោយដើរទន្ទឹមនឹងការជម្រុញកសាងបណ្តាកងឯកភាព ទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន បង្កនូវបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម»។
ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ថា ត្រូវយកចិត្តទុកដាក់ថែទាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងការ បណ្តុះបណ្តាល ការហ្វឹកហ្វឺន ជីវភាពរស់នៅ សំដៅធ្វើឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ បំពេញភារកិច្ច ពិសេសគឺបណ្តាកងឯកភាពបំពេញការងារតាមព្រំដែនទាំងដែនគោក ដែនទឹក និងពង្រឹងពង្រីកទំនាក់ ទំនងល្អជាមួយកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី សំដៅកសាងព្រំដែនឲ្យក្លាយជាតំបន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕