(កំពត)៖ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធគ្រឿងញៀនក្នុង២ករណីផ្សេងគ្នា និងថ្នាំញៀន៤៣កញ្ចប់ ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បង្ក្រាបបាន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ករណីទី១-កម្លាំងអន្តរាគមន៍ពិសេស បានចុះបង្ក្រាប ឃាត់ខ្លួនជនចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ដកហូតថ្នាំញៀនបាន៤កញ្ចប់ ក្នុងនោះធំ១កញ្ចប់ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត កាលពីម៉ោង៣រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១.ឈ្មោះ កៅ សុភ័ណ្ឌ អាយុ២១ឆ្នាំ នៅភូមិប្ញស្សី ឃុំតានី ស្រុកអង្គរជ័យ, ទី២.ឈ្មោះ ខន សុភ័ក្រ អាយុ១៨ឆ្នាំ នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ និង៣.ឈ្មោះ អ៊ុយ ដេត អាយុ២២ឆ្នាំ នៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ (ធំ១កញ្ចប់ និងតូច៣កញ្ចប់)។
ករណីទី២ កម្លាំងនគរបាលដដែល បង្ក្រាបបាននៅវេលាម៉ោង១១៖១៥នាទី ថ្ងៃជិតត្រង់ ទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ចុះបង្រ្កាបទីតាំងជួញដូរ គ្រឿងញៀនមួយកន្លែង ស្ថិតក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយឃាត់ខ្លួនបានជនជួញដូរគ្រឿងញៀន២នាក់ ប្តីប្រពន្ធ រួមនិងវត្ថុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ ក្នុងនោះធំ២កញ្ចប់ និងតូចចំនួន២៧កញ្ចប់ ព្រមទាំងឧបករណ៍សំរាប់ ជក់មួយកំផ្លេរ ផងដែរ។
ជនសង្ស័យទី១.ឈ្មោះ ផេង ឌី អាយុ៣០ឆ្នាំ និងទី២ឈ្មោះខាន់ យ៉ាន់ ភេទស្រី អាយុ៣៥ឆ្នាំទាំងពីរនាក់មានទីលំនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ប៉ុន្តែនៅព្រឹកនេះ នគរបាលបានសម្រេចដោះលែង ស្ត្រីជាប្រពន្ធហើយ ដោយរកមិនឃើញមានកំហុសពាក់ព័ន្ធក្នុងបទល្មើសនោះទេ៕