(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះឃ្លាំងជួសជុលរថយន្ដ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សកែវ បានរលត់ទៅវិញហើយ នៅម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយមានការជួយអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ចទាន់ពេលវេលា ហើយការខូចខាតតែបន្ដិចបន្តួចប៉ុណ្ណោះ។
ក្នុងប្រតិបត្តិការបាញ់ពន្លត់នេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់ ឡានទឹកអស់ចំនួន២គ្រឿងតែប៉ុណ្ណោះ ក្នុងចំណោមរថយន្ដ៥គ្រឿងដែលបានទៅដល់កន្លែងកើតហេតុភ្លាមៗ។
មន្រ្តីនគរបាលពន្លត់អគ្គិភ័យ បានបញ្ជាក់ថា សេចក្ដីសន្និដ្ឋានជំហានដំបូងដែលនាំឲ្យមានគ្រោះអគ្គិភ័យ នៅក្នុងឃ្លាំងជួសជុលរថយន្ដ ដែលមានរថយន្ដនៅក្នុងនោះ៥គ្រឿង តែគេរុញចេញទាន់ ហើយមូលហេតុនោះ គឺឆ្លងចរន្តភ្លើង រួចផ្កាភ្លើង បានបើុងទៅលើពូករថយន្ត ទើបក្លាយជាអគ្គិភ័យតែម្តង។
យ៉ាងណាមិញ គ្រោះអគ្គិភ័យនេះ បង្កឲ្យមានការខូចខាតតែពូកឡានបន្ដិចបន្ដួចតែប៉ុណ្ណោះ។