(បាត់ដំបង)៖ បុរសចំណាស់២នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូជាមួយគ្នា បើកលឿនខ្លាំងពេកដល់ចំណុច ផ្លូវកោងបត់មិនទាន់ ក៏ដួលបោកក្បាលទៅនឹងចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់ទាំង២នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ១២៖០៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ត្រង់ចំណុចទួលពពាល ភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយដោយបុរស២នាក់ ដែលបានជិះម៉ូតូក្នុង ល្បឿនលឿន ដល់ចំណុចផ្លូវកោងរេចង្កូតដួលម៉ូតូបោកក្បាល បណ្តាលឲ្យស្លាប់ទាំង២នាក់ នៅនឹងកន្លែងតែម្ដង។
មន្រ្តីដដែលបានបញ្ជាក់ថា ជនគ្រោះទាំង២នាក់ ទី១.ឈ្មោះ នី ហុយ អាយុ៣២ឆ្នាំ រស់នៅភូមិកោះ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី, ទី២.ឈ្មោះ ស៊ា អាយុ៥៦ឆ្នាំ រស់នៅភូមិកោះស្លា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត។
បន្ទាប់ពីកើតហេតុហើយ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យមើល ហើយប្រជាពលរដ្ឋបាននិយាយប្រាប់ថា ជនរងគ្រោះទាំង២នាក់នេះ បានជិះម៉ូតូលឿនពេក ចំផ្លូវកោងក៏ជ្រុលទៅបុកចិញ្ចើមផ្លូវ ច្រឡោតតោតតូង បណ្តាលឲ្យបោកក្បាលស្លាប់ ភ្លាមៗតែម្តង។ បន្ទាប់ពីត្រួតពិនិត្យហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕