(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំរៀបចំផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំឈើខុសច្បាប់ ម្ចាស់អាជីវកម្មរ៉ុករករ៉ែរ៉ែខុសច្បាស់ ព្រមទាំងចាត់វិធានការតាមចាប់មេក្លោង យកមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។
កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងជាលើកដំបូង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមប្រធានបទស្តីពី «ការអនុវត្តភារកិច្ចរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ» ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិ ឧត្តមសេនីយ៍ នាយទាហានជាច្រើនរូប។
នាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដោយអនុវត្តតាមសេចក្តីរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីរៀបចំផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការនាំឈើខុសច្បាប់ បទល្មើសព្រៃឈើនានា ការរុករករ៉ែខុសច្បាស់ និងការពារឱ្យបាននូវធនធានធម្មជាតិ ព្រមទាំងចាប់ជនប្រព្រឹត្តបទល្មើស មេក្លោងយកមកផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាយ៉ាងម៉ត់ចត់ ដោយរៀបចំយន្តការការងារធានាមធ្យោបាយ និងការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារកិច្ចរបស់ខ្លួន៕