(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី​​២៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) មានរៀបចំពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ប្រព័ន្ធឌីជីថល ថតដោយកាំរស្មីអិច ​និងកម្មវិធីគ្រប់គ្រងការសាយភាយវិទ្យុសកម្ម ក្រោមជំនួយរបស់​ទី​ភ្នាក់​ងារ​​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA)។

ពិធីសម្ពោធនេះ រៀបចំឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mr. Yohei Nakajima លេខាទី២នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងមានការចូលរួម ពី​លោក​តំណាងទីភ្នាក់ងារ​អន្តរជាតិ ​សម្រាប់កិច្ច​សហប្រតិបត្តិ​ការជប៉ុន(JICA) លោក-លោកស្រី ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ភ្ញៀវតិ្តយសជាតិ អន្តរជាតិ មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ចំនួន៤០០នាក់។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានរាយការណ៍សង្ខេប ប្រវត្តិ និងវឌ្ឍនភាពនៃកម្មវិធី បណ្តុះ​បណ្តាល​ស្តីពី​បច្ចេកទេសវិទ្យុសាស្ត្រ​ នៅ​សាលា​បច្ចេកទេស​ថែទាំវេជ្ជសាស្ត្រ​​នៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល។

លោកកសាកលវិទ្យាធិការ ក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែផ្តល់ការណែនាំ ប្រកបដោយគតិបណ្ឌិត ដល់សាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល ក្នុងការបង្កើនគុណភាព នៃការបណ្តុះបណ្តាល ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល ។

តំណាងអង្គការ JICA បានសម្តែងក្តីរីករាយ ក្នុងការចូលរួមក្នុងជួយដល់ វិស័យសុខភិបាលកម្ពុជា និងចូលរួមសម្ពោធសមទ្ធិផលនៅថ្ងៃនេះ។ លើកពីនេះ ក្រៅពីជួយដល់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាលហើយ អង្គការ JICA សន្យាថា នឹងបន្តជួយដល់វិស័យសុខភិបាល របស់កម្ពុជាបន្តទៀត តាមរយៈការជួយជាគំរូតាមរបៀបមន្ទីរពេទ្យ សាន់រ៉ាយ របស់ជប៉ុន លើភាពជាដៃគូរវាងផ្នែកឯកជន និងរដ្ឋ និង ជួយលើគម្រោងសាកល្បង លើការធានារ៉ាប់រងសុខភាពនៅកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវសេចក្តីរីករាយ និងនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់លោក-លោកស្រី និង និស្សិតទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធី។

លោកបានលើកឡើងថា «សម្តេចនាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ ​ដល់ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការងារបណ្តុះបណ្តាល ធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសគឺវិស័យសុខាភិបាល»

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរួមគ្នារវាង អង្គការ JICA និង ស.វ.ស ក្នុងការ​ធានាឲ្យការបណ្តុះ​បណ្តាល​ នៅសាកលវិទ្យាល័យវិវត្តឈាន ទៅ​រកឧត្តមភាព និងនាំមុខគេនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការបំពាក់ឧបករណ៍​ទំនើបថត​ដោយកាំ​រស្មីអិច និងប្រព័ន្ធគ្រប់គ្រងវិទ្យុសកម្ម គួបផ្សំជាមួយការកែ​លម្អ​ កម្មវិធីសិក្សា​ផ្នែក​បច្ចេកទេសវិទ្យុសាសាស្រ្ត និងការបង្កើនសមត្ថភាពគ្រូ នឹងជួយជំរុញឲ្យ ស.វ.ស មានធនធាន​ប្រកបដោយសមត្ថភាពជំនាញបន្ថែម ក្នុងការលើកស្ទួយគុណភាពនៃការបណ្តុះបណ្តាល​ ជំនាញផ្នែកវិទ្យុសាស្រ្ត ដើម្បីធានាឲ្យអនាគត​នៃអ្នកបច្ចេកទេស​វិទ្យុសាស្រ្តកម្ពុជា អាចផ្តល់សេវាទំនើប និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ។​

លោកមបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ​ទី​ភ្នាក់​ងារ​​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) នៃប្រទេសជប៉ុន ក្រុមហ៊ុន Konika Minolta និងអ្នកជំនាញការជប៉ុនទាំងអស់ ដែលបានផ្តល់ជំនួយបច្ចេកទេស និងថវិកា​ ក្នុងដំណើការធ្វើទំនើបកម្ម នៃការបណ្តុះបណ្តាលផ្នែកបច្ចេកទេសវិទ្យុសាស្រ្តសម្រាប់ ស.វ.ស។

គួររំព្ញកថា កម្មវិធីសិក្សា​បរិញ្ញាបត្ររង បច្ចេកទេស​វិទ្យុសាស្ត្រ ត្រូវបានបង្កើតឡើងដោយ មាន​កិច្ច​សហ​ប្រតិបត្តិ​ការ ​រវាងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងទីភ្នាក់ងារ​អន្តរជាតិ​ សម្រាប់កិច្ច​សហប្រតិបត្តិ​ការជប៉ុន​(JICA)​។ មកដល់បច្ចុប្បន្ន សាលាបច្ចេកទេស​ថែទាំ​វេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសស្រសុខាភិបាល បានបណ្តុះបណ្តាលនិស្សិត ចំនួន​១០​ជំនាន់ ដែល​មាន​​ចំនួននិស្សិតសរុប១៨៦​នាក់ ក្នុងនោះមាន និស្សិតស្រី​ចំនួន៥៨នាក់។

​និស្សិត​ដែលបាន​បញ្ច​ប់ការ​សិក្សារ​ជាស្ថាពរ មាន​ចំនួន​៨ជំនាន់ មានចំនួន​សរុប១៧១ នាក់។ ក្នុងចំណោមនិស្សិតបាន​បញ្ចប់ការ​សិក្សារួចហើយ មាននិស្សិត ចំនួន១៧១នាក់ ទទួលបានការងារធ្វើនៅតាមស្ថាបន័រដ្ឋ និង​ឯកជន និងនិស្សិត ចំនួន១៦នាក់ បានក្លាយជាគ្រូបង្រៀន​ដល់និស្សិតជំនាន់ក្រោយ៕