(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ផ្តន្ទាទោសជំនួយការពីរនាក់ ឈ្មោះ អ៉ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ៥ឆ្នាំ តែអនុវត្ត៣ឆ្នាំតាមមាត្រា១០៧. ១០៨ ៤៩៥ និងមាត្រា ២៩ នៃក្រមព្រហកមទណ្ឌ។ សាលក្រមនេះតុលាការសម្រេចចេញដីកាបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ ដើម្បីយកមកអនុវត្តទោស។
សាលក្រមប្រកាសដោយកំបាំងមុខជនជាប់ចោទនិងមេធាវី តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយ លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ក្នុងករណីនេះមានលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នជនជាប់ចោទទាំង៣នាក់ កំពុងរត់គេចខ្លួននៅបរទេស។
អង្គហេតុសំខាន់ដែលនាំឲ្យមានការចោទប្រកាន់លើលោក សម រង្ស៊ី និងសហការីរបស់លោក២នាក់ទៀតនេះ គឺយោងទៅតាមចម្លើយសារភាពរបស់លោក ហុង សុខហួរ ដែលបាមនឆ្លើយបំភ្លឺក្នុងសវនាការ២លើករួចមកហើយ ពាក់ព័ន្ធនិងបញ្ហាផែនទីក្លែងក្លាយ រួមទាំងឯកសារមួយចំនួនធំស្ដីអំពីផែនទី បន្ទាត់ព្រំដែនគោក ទឹក ដែលលោក ហុង សុខហួរ បានយកទៅបង្ហោះ នៅក្នុងផេក និងអខោនរបស់លោក សម រង្ស៊ី បង្កឲ្យមានការយល់ច្រលំពីមជ្ឈដ្ផានមហាជនគ្រប់ស្រទាប់វណ្ណៈ។
នៅក្នុងចំលើយសារភាពរបស់លោក ហុង សុខហួរ បានបញ្ជាក់ថា លោកជាអ្នកបញ្ជាអោយអ្នកបច្ចេកទេសគ្រប់គ្រងគណនីហ្វេសបុកលោក សម រង្ស៊ី ឈ្មោះ អ៉ឹង ជុងលាង និងសម្បត្តិ សត្យា រៀបចំផែនទី និងឯកសារស្ដីពីព្រំដែន ដាក់បង្ហោះក្នុងអខោនហ្វេសបុករបស់លោក សម រង្ស៊ី ដោយសារតែហ្វេសបុកលោក សម រង្ស៊ី មាន Friends ច្រើនលាននាក់ចូលអាន។
ដោយយោងលើចំលើយសារភាពរបស់លោក ហុង សុខហួរ បែបនេះហើយទើបតុលាការបានបំបែកសំណុំរឿងចោទប្រកាន់បន្ថែមលើលោក សម រង្ស៊ី និងសហការីរបស់គាត់ ដែលក្នុងខណៈនោះដែរ ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួនទៅបរទេសបាត់ដល់បច្ចប្បន្ន។
ចំពោះសំណុំរឿងលោក ហុង សុខហួរ នេះដែរ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានកាត់ក្ដីចប់នៅឡើយទេ ដោយសារមេធាវីការពារផ្លូវច្បាប់ឲ្យលោក ហុង សុខហួរ បានស្នើឲ្យចាត់របៀបដើម្បីដាក់បញ្ចូលឧបករណ៍អេឡិចត្រូនិច ក្នុងការទាញយកសារពីប្រភពដើមដែលជនជាប់ចោទទាញ យកមកប្រើប្រាសផ្សព្វផ្សាយ នៅក្នុហ្វេសបុកលោក សម រង្ស៊ី៕
សូមបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ ចំពោះសំណុំរឿងនេះ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕