(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្លាំងនគរបាលបានអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយបានឃាត់ខ្លួនអ្នកបើកបរល្មើសច្បាប់ធ្ងន់ធ្ងរ ចំនួន៥៥៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

របាយការណ៍ដែលចេញផ្សាយ ដោយគេហទំព័រក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងចំណោមអ្នកបើកបរល្មើសទាំង៥៥៣នាក់ ក្នុងនោះមានអ្នកបើកបររថយន្ត១១៩នាក់ (ស្រី៤នាក់) និងអ្នក់បើកបរម៉ូតូ៤៣៤នាក់ ដែលពួកគេភាគច្រើនបានបើកបរល្មើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹងធ្ងន់ធ្ងរ។

ប្រភពដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦ បានកើនឡើងចំនួន ៣,៣៣៨លើក បណ្តាលឲ្យស្លាប់ចំនួន ១,៥៧៦ នាក់ និងរបួស ៥,៩៦២ នាក់ (ធ្ងន់៥៩%) ភូមិសាស្រ្តដែលកើតឡើងច្រើនជាងគេ គឺនៅរាជធានីភ្នំពេញចំនួន ៣៤៨លើក ខេត្តកណ្តាលចំនួន ៣០៣លើក និងខេត្តតាកែវចំនួន២៨៨លើក ។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបើកបរលើសល្បឿនកំណត់ ៤១% មិនប្រកាន់ស្តាំ ១២% ស្រវឹង ១០% មិនគោរពសិទ្ធ ១២% វ៉ាជែង ១១% បត់ ១០% កត្តាយានយន្ត ៣% និងងងុយដេក ១%។

បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ៤៥១ លើក ស្មើ ១២% អ្នកស្លាប់ថយចំនួន ២៥៩នាក់ ស្មើ១៤% និងអ្នករបួសថយចំនួន ៥៩៦នាក ស្មើ៩%។

គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ភាគច្រើន ជាអ្នកជិះម៉ូតូមានចំនួន ១,១៣៨នាក់ស្មើ ៧២% ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន៩២៩ នាក់ស្មើ៥៩%៕