(ភ្នំពេញ)៖ នៅឆ្នាំ២០១៦ កម្លាំងនគរបាលបានអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រួតពិនិត្យយានយន្តបានជាង៩លានគ្រឿង ក្នុងរកឃើញរថយន្តល្មើសច្បាប់ជាង១.៤លានគ្រឿង អប់រំចំនួនជិត៦០ម៉ឺនគ្រឿង និងផាកពិន័យជាង៨១ម៉ឺនគ្រឿង ដោយម្ចាស់រថយន្តល្មើសច្បាប់ បង់ប្រាក់ពិន័យបានជាង ២០ពាន់លានរៀល នេះបើយោងរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ។
គេហទំព័រក្រសួងមហាផ្ទៃ បានឲ្យដឹងថា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួត ពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ទទួលបានលទ្ធផលដូចតទៅ៖
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៦ ទទួលបានលទ្ធផលបានត្រួតពិនិត្យយានយន្តសរុប ៩,០៧៨,៥៣៧ គ្រឿង (ម៉ូតូ៦០%) រកឃើញយានយន្តល្មើស ១,៤១២,១០១ ស្មើ១៦% (ម៉ូតូ៦០%) ធ្វើការអប់រំចំនួន ៥៩៨,៧២០ គ្រឿង ស្នើ៤៤% ធ្វើការពិន័យចំនួន ៨១៣,៣៨១ គ្រឿង ក្នុងនោះម៉ូតូចំនួន៦៨% ដោយអនុវត្តការបង់ប្រាក់ពិន័យ តាមស្នាក់ការសរុបចំនួន ២០,៤៩៦,១៩៥,០០០រៀល ធ្វើការឃាត់អប់រំ និងពិន័យរថយន្តដឹកដី មិនគ្របជ្រុះរាយប៉ាយ និងដឹកទំនិញសំពោងសំពងចំនួន១៥១គ្រឿង។
ត្រួតពិនិត្យរកឃើញយានយន្តល្មើសល្បឿនចំនួន ៥៦,៦៥៧គ្រឿង និងល្មើសជាតិស្រវឺង១៤,៨០៩ នាក់ ឃាត់ខ្លួនបញ្ជូនសំណុំរឿង ទៅតុលាការ៥៥៣នាក់ (អ្នកបើកបររថយន្ត១១៩នាក់ (ស្រី៤នាក់) និងអ្នក់បើកបរម៉ូតូ៤៣៤នាក់)។
ត្រួតពិនិត្យសារធាតុញៀន លើអ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ ឬទំនិញចំនួន៦៦៥នាក់ រកឃើញអ្នកបើកបរយានយន្ត មានសារធាតុញៀនចំនួន ១២៩នាក់ ស្នើ២០% ពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ កែច្នៃបានចំនួន ២,១៧៧ គ្រឿងឃើញរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ហើយបានកាត់ទ្រុង ចំនួន៩៣០គ្រឿង ស្មើ៤២.៧%។
ត្រួតពិនិត្យយានដ្ឋានទូទាំងប្រទេស ២,៣២២យានដ្ឋាន រកឃើញយានដ្ឋានមានច្បាប់ចំនួន ៩១៤យានដ្ឋាន គ្មានច្បាប់អនុញ្ញាត ១,០៩៦ យានដ្ឋាន មានយានដ្ឋាន៤២យានដ្ឋាន បានធ្វើកិច្ចសន្យាសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្ម និងបញ្ឈប់ការកែច្នៃតម្លើងយានយន្ត ខុសលក្ខណៈបច្ចេកទេស បានចុះត្រួតពិនិត្យសាលាបង្រៀន បើកបរយានយន្តចំនួន២១ និងសាខាចំនួន១០៦ នៅរាជធានីខេត្តពិនិត្យឃើញ បានបំពេញឯកសាច្បាប់គ្រប់គ្រាន់។
ចុះបញ្ជីយានយន្តសរុបចំនួន ៤២១,៩៤២គ្រឿង (រថយន្ត ៤៨,០៧៥ គ្រឿង ម៉ូតូ ៣៧៣,៨៦៧ គ្រឿង) ផ្តល់បណ្ណបើកបរសរុប ១២២,៩៨១ បណ្ណ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១៧០,៩៨២ គ្រឿង និងផ្តល់បណ្ណអាជីវកម្ម ៣៧,២៤៣គ្រឿង ដោយឡែកការចុះបញ្ជីផ្តល់ស្លាកលេខ រថយន្តចង្កូតស្តាំសរុបចំនួន ៧,០៥៥ គ្រឿង។
ម្ចាស់យានយន្តបានចូលបង់ពន្ធនាំចូលចំនួនប្រមាណ១៤,៥៣៩គ្រឿង (រថយន្ត ១,១២០ គ្រឿង និង ម៉ូតូ១៣,៤១៩គ្រឿង )ដោយឡែកយានយន្តគ្មានផ្លាកលេខចំនួន ៨០០គ្រឿង (ម៉ូតូ៧៨៧គ្រឿង និងរថយន្ត១៣គ្រឿង) ដែលបានឃាត់នៅខេត្តចំនួន១៤ នៅពេលចាប់ផ្តើមប្រតិបត្តិការដំបូងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអនុគ្រោះប្រគល់ជូនម្ចាស់ ដោយគ្រាន់តែណែនាំរួចឲ្យរួសរានចូលបង់ពន្ធនិងធ្វើផ្លាកលេខ។
គួរកត់សំគាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦ បានកើនឡើងចំនួន ៣,៣៣៨លើក បណ្តាលឲ្យស្លាប់ចំនួន ១,៥៧៦ នាក់ និងរបួស ៥,៩៦២ នាក់ (ធ្ងន់៥៩%) ភូមិសាស្រ្តដែលកើតឡើងច្រើនជាងគេ គឺនៅរាជធានីភ្នំពេញចំនួន ៣៤៨លើក ខេត្តកណ្តាលចំនួន ៣០៣លើក និងខេត្តតាកែវចំនួន២៨៨លើក ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបើកបរលើសល្បឿនកំណត់ ៤១% មិនប្រកាន់ស្តាំ ១២% ស្រវឹង ១០% មិនគោរពសិទ្ធ ១២% វ៉ាជែង ១១% បត់ ១០% កត្តាយានយន្ត ៣% និងងងុយដេក ១%។
បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ៤៥១ លើក ស្មើ ១២% អ្នកស្លាប់ថយចំនួន ២៥៩នាក់ ស្មើ១៤% និងអ្នករបួសថយចំនួន ៥៩៦នាក ស្មើ៩%។
គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ភាគច្រើន ជាអ្នកជិះម៉ូតូមានចំនួន ១,១៣៨នាក់ស្មើ ៧២% ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន៩២៩ នាក់ស្មើ៥៩%៕