(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងជំនួយការរបស់លោក២នាក់ទៀត ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម ជាមួយលោក ហុង សុខហួរ។
ការប្រកាសសាលក្រមនេះ នឹងធ្វើឡើងដោយ លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ក្នុងករណីនេះមានលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការ ចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ ចំពោះសំណុំរឿងនេះ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕