(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន South East Asia Telecom (Cambodia) Co,LTD ដើម្បីទទួលបានសេវាអ៊ិនធឺរណេតដោយឥតគិតថ្លៃ ងាយស្រួលក្នុងការ ទំនាក់ទំនងព័ត៌មាន និងដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត និយោជក និងអ្នកវិនិយោគ។  

អនុស្សរណៈខាងលើ ត្រូវបានចុះហត្ថលេខាដោយ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាមួយលោក Han Hanchou ប្រធានក្រុមហ៊ុន Seatel នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នាទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺផ្ដោតលើការងារសំខាន់មួយចំនួន រួមមាន៖

ទី១.ការរៀបចំបំពាក់សម្ភារៈ និងឧបករណ៍សម្រាប់ដំណើរការមជ្ឈមណ្ឌល Call Center មួយ ដើម្បីឲ្យសាធារណជន និយោជក កម្មករនិយោជិត និងយុវជនអាចទំនាក់ទំនងសាកសួរព័ត៌មាន បានដោយឥតគិតថ្លៃ (Hotline) ពាក់ព័ន្ធនឹងវិវាទ ការងារ បញ្ហាសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ បញ្ហាកូដកម្ម បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ព័ត៌មានទីផ្សារការងារ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទេសន្តប្រវេសន៍ការងារ ជាដើម។ ចំពោះវិស័យវិនិយោគ ក៏អាចទំនាក់ទំនងសាកសួរពីព័ត៌មានបានផងដែរ អំពីការអនុវត្តច្បាប់ បទប្បញ្ញត្តិ បទដ្ឋានគតិយុត្តិនានា ក្នុងប្រទេសកម្ពុជា។

ទី២.ក្រុមហ៊ុន Seatel នឹងផ្ដល់សេវាអ៊ិនធឺរណេតដោយឥតគិតថ្លៃ (Free WIFI) ក្នុងបរិវេណក្រសួងការងារទាំងមូល សម្រាប់ប្រើប្រាស់ក្នុងការទាក់ទងព័ត៌មាន និងផ្ដល់ព័ត៌មានជូនអ្នកពាក់ព័ន្ធ ក៏ដូចជាងាយស្រួលក្នុងការស្រាវជ្រាវ ព័ត៌មាននានា។

៣.សហការណ៍រៀបចំផ្ទាំង LED Bulletin Board ដើម្បីចាក់បញ្ចាំង ផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវិស័យការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ជូនដល់សាធារណជន កម្មករនិយោជិត និយោជក បានឃើញ និងយល់ច្បាស់។

ក្រៅពីនេះ ភាគីទាំងពីរក៏នឹងពិនិត្យទៅផ្នែកផ្សេងទៀត ដើម្បីរួមសហការណ៍លើការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ដែលជាតម្រូវការចាំបាច់របស់ក្រសួងការងារ ហើយក្រុមហ៊ុន Seatel អាចជួយបាន។

លោក Han Hanchou បានបញ្ជាក់ថា បានជាក្រុមរបស់លោក មានបំណងរួមសហការណ៍ជាមួយក្រសួងការងារដោយសារ ក្រុមហ៊ុនចង់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ លើប្រព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធទំនាក់ទំនង ការផ្សព្វផ្សាយ ព័ត៌មាននានា ជូនដល់ប្រជាពលរដ្ឋ ពិសេសដើម្បីផ្សព្វផ្សាយព័ត៌មាន ជូនដល់កម្មករនិយោជិត។

លោក Han Hanchou បានបន្តថា មិនត្រឹមតែក្រសួងការងារទេ ក្រុមហ៊ុនរបស់លោក ក៏បានសហការណ៍ផ្ដល់សេវា អ៊ិនធឺរណេតដោយឥតគិតថ្លៃនេះ ជូនដល់ក្រសួងការពារជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ផងដែរ។ ដោយឡែក ក្រុមហ៊ុន Seatel បាននិងកំពុងធ្វើកិច្ចការដូចគ្នានេះ ជាមួយក្រសួង-ស្ថាប័នដទៃទៀតផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន South East Asia Telecom (Cambodia) Co, LTD ជាក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ធំមួយ ដែលទើបតែមានវត្តមានក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៥៕