(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ មានអ្នកជំងឺជិត៧ពាន់នាក់ បានចូលនិងចេញ ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,២៦៧នាក់, អ្នកជំងឺអនុញ្ញាតឲ្យចូលសម្រាក់ព្យាបាល ៣៩១នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៥៨នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន១៣៥ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាត សម្រាកព្យាបាលដោយមិនបង់ប្រាក់២១ភាគរយ, ចំនួនវះកាត់សរុប៣៨នាក់, ការព្យាបាលដោយចលនា៣២៨នាក់, កុមារបានទទួលថ្នាំបង្ការ៩៣៣នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់១៥នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៥៧នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២១៦នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច១៦១នាក់, ពិនិត្យវិភាគដោយអេកូ ១១៩នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,១៥០នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៩៦៤នាក់។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
បន្ថែមពីនេះ មន្ទីរពេទ្យកុមារជាតិ បានជួបសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ដែលបានចូលនិវត្តន៍ ហើយលោកនាយកមន្ទីរពេទ្យ បានថ្លែងកោតសរសើរនូវស្នាដៃដែលបានបំពេញកន្លងមក និងបានផ្ដល់នូវថវិកាមួយចំនួនដល់ពួកគាត់ ព្រមទាំងរៀបចំជប់លៀងជូនប្រកបដោយភាពជិតស្និទ្ធ សប្បាយរីករាយ៕