(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមរបស់ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ និងជំនួយការរបស់លោក២នាក់ទៀត ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម ជាមួយលោក ហុង សុខហួរ។
ការប្រកាសសាលក្រមនេះ នឹងធ្វើឡើងដោយ លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ក្នុងករណីនេះមានលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការ ចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ ចំពោះសំណុំរឿងនេះ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕