(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន លោកព្រឹទ្ធាចារ្យ ឆេង ផុន នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះថា «សូមឲ្យវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» នេះបើយោងតាមការបង្ហាញឲ្យដឹងនៅក្នុង Facebook ផ្លូវការនៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅម៉ោងប្រមាណ១៖០០ នាទីរសៀល ក្នុងជន្មាយុ៨៦ឆ្នាំដោយរោគាពាធ។ លោកព្រឹទ្ធាចារ្យគឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងឃោសនាការព័ត៌មាន នៅទសវត្សរ៍ឆ្នាំ៨០ និងធ្លាប់ធ្វើជាប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសម័យបោះឆ្នោតឆ្នាំ១៩៩៧ ហើយលោកក៏ជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ និងវិបស្សនាផងដែរ។
មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្ស ដ៏សំខាន់ម្នាក់របស់ប្រទេសជាតិ។ លោកព្រឹទ្ធាចារ្យ ក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងការអប់រំបណ្ដុះឆន្ទៈសិល្បករឲ្យស្រឡាញ់ សិល្បៈ វប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ ព្រមទាំងបានជួយសង្គ្រោះសិល្បៈ ស្ទើរគ្រប់ទម្រង់ឲ្យរស់ឡើងវិញ នៅក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩៕