(រតនគីរី)៖ មន្រ្តីនគរបាលខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ ចំនួន៦ខេត្ត បានបើកកិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តំបន់ជាប់ព្រំដែន នៃប្រទេសទាំង៣ លើកទី៣ ឆ្នាំ២០១៦ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
នគរបាលខេត្តជាប់ព្រំដែនទាំង៦ខេត្ត របស់កម្ពុជា វៀតណាម ឡាវ រួមមាន៖ សម្រាប់កម្ពុជា គឺខេត្តខេត្តរតនគិរី និងស្ទឹងត្រែង, សម្រាប់ខេត្តវៀតណាម គឺខេត្តយ៉ាឡាយ និងខេត្តកន្ទូម និងសម្រាប់ឡាវ គឺខេត្តអត្តពឺ និងខេត្តសេកង។
នៅក្នុងកិច្ចប្រជុំនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា អង្គប្រជុំបានចុះហត្ថលេខារួមលើខ្លឹមសារ កំណត់ហេតុដែលមានចំនួន១១ ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការបន្តឆ្នាំ២០១៧។
លោកបានបន្តថា ក្រៅពីនោះ អង្គប្រជុំបានពិភាក្សាពីកិច្ចសហប្រតិបត្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តំបន់ជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ លើកទីបី នៅសណ្ឋាគាររតនស៊ីធីក្រុងបានលុង ខេត្តរតនគិរី ។
កិច្ចប្រជុំនេះធ្វើឡើងយោងតាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណ: (ឡាវ) និងក្រសួងនគរបាល (វៀតណាម)។
លោក ថង សាវុន បានជំរុញឲ្យនគរបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ទំនាក់ទំនងឲ្យកាន់តែល្អប្រសើរលើវិស័យមនុស្សធម៌ សិទ្ធិមនុស្សដោយ មិនប្រើហិង្សាឬឈានដល់ ការប្រើប្រាស់អាវុធដែល ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋណាមួយនៃប្រទេស ទាំងបីដោយប្រការ ណាមួយឡើយក្នុងករណី មានការលួចឆ្លងដែន ឬប្រព្រឹត្តបទល្មើស ខុសច្បាប់ឆ្លងដែន ។
បន្ថែមពីលើនេះ លោក ថង សាវុន បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ ក្នុងឋានៈជាខេត្តជាប់ភូមិផងរបងជាមួយគ្នា សំដៅរួមចំណែកក្នុងការពង្រឹងការទំនាក់ទំនងឲ្យមានភាពល្អប្រសើរ និងពង្រីកការ ចាត់តាំងការអនុវត្តឲ្យចេញ ជារូបរាងនូវរាល់លទ្ធផល នៃកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នាក្នុងរយៈពេល កន្លងមកជាពិសេសការអនុវត្តនូវ សេចក្តីថ្លែងការទាំង១០ ចំណុចនៃកិច្ចប្រជុំកំពូលលើកទី៨ នៅទីក្រុងវៀងចន្ទ និងអនុវត្តតាមស្មារតី កិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ (CLV)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នៅខេត្តសៀមរាប បានបើកកិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ (CLV) ដោយផ្តោតលើការទំនាក់ទំនង រឹតចំណងសាមគ្គីភាព មិត្តភាព ភាតរភាពជាប្រពណីល្អ ការយោគយល់ និងជឿទកចិត្តគ្នាទៅវិញទៅមក ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពល្អប្រសើរក្នុងការងារទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្ករភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ការដាំដុះ ការផលិត ការដឹកជញ្ជូន ការជួញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការរត់ពន្ធទំនិញខុសច្បាប់ ការលួចកាប់ឈើ ការទិញលក់ ការដឹកជញ្ជូនឈើ ផល អនុផលព្រៃឈើ ខុសច្បាប់ការលួចកាប់គាស់ សម្បត្តិធម្មជាតិ រួមទាំងបទល្មើសផ្សេងៗទៀត ព្រមទាំងបានផ្តល់លទ្ធភាពសំខាន់ដល់កិច្ចអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ឲ្យមាន ការរីកចម្រើនគ្រប់វិស័យ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋទាំងសងខាង៕