(ភ្នំពេញ)៖ ដើម្បីជម្រុញលើកកម្ពស់ ការយល់ដឹងអំពីទស្សនៈ បែបវិទ្យាសាស្រ្តនៃអាហារបួស ដោយហេតុថា អាហារបួសអាចជួយថែរក្សាការពារបរិស្ថាន ការពារដល់សុខភាព ថែរក្សាសម្រស់ បង្កើននូវបញ្ញាស្មារតី ជាពិសសការជម្រុញអាហារបួស គឺដើម្បីថែរក្សាការពារបរិស្ថាន សង្គ្រោះភពផែនដីនោះ សមាគមអ៉ីគ័នតាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៦បានរៀបចំកម្មវិធីជួបជុំ ជម្រុញអាហារបួសលើកទី៤ ប្រចាំ២០១៦នៅមជ្ឈមណ្ឌលកោះពេជ្រ។
កម្មវិធីជួបជុំជម្រុញអាហារបួស លើកទី៤ប្រចាំ២០១៦ ដែលរៀបចំឡើងដោយសមាគមអ៉ីគ័នតាវ ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ គឺបានការអញ្ជើញចូលរួម ពីសំណាក់លោក ថៃ នរៈសត្យា រដ្ឋខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអគ្គលេខាធិការគ្រូឧប្បជ្ឈាយ៍ ឡាយ ឆាយចិន រួមនឹងវត្តមានភ្ញៀវជាច្រើន ផងដែរ។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងឱកាសនោះថា អាហារបួស គឺពិតជាដើរតួនាទីយ៉ាងសំខាន់ សម្រាប់មនុស្សជាតិ សង្គមជាតិនឹងពិភពលោកទាំងមូល ព្រោះអាហារបួសមិនត្រឹមតែ អាចថែរក្សាសុខុមាលភាព រាងកាយរបស់មនុស្សទេ ថែមទាំងជួយថែក្សាលំនឹង និងតុល្យភាព បរិស្ថាន និងសីតុណ្ហភាពភពផែនដីទាំងមូល កាត់បន្ថយការបំភាយឧស្ម័ន កាបូនឌីអុកស៊ីត ឬឧស្ម័នផ្ទះកញ្ចក់ ដែលចេញអំពីវិស័យបសុសត្វ ឧស្សាហកម្មចិញ្ចឹមសត្វយកសាច់។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ថៃ នរៈសត្យា បានបន្តទៀតថា ការបរិភោគអាហារបួស គឺជានិន្នាការប្រឆាំងនឹងការឡើងកំដៅភពផែនដី ការពារបរិស្ថាន និងសង្គ្រោះភពផែនដី ដ៏មានប្រសិទ្ធិភាពបំផុត ហើយបើនិយាយពីវិស័យពុទ្ធចក្រ អាហារបួសបានអប់រំចិត្តមនុស្សឲ្យមានមេត្តាករុណា សេចក្តីស្រឡាញ់ដោះលែងជីវិតសត្វ ដ៏ពិតប្រាកដ កាត់បន្ថយការកាប់សម្លាប់ ជម្រុះកម្មផលពីអតីតជាតិភ្ជាប់និស្ស័យ កុសលជាមួយសត្វលើកកម្ពស់វប្បធម៌ សុខដុម្បនីយកម្ម និងសន្តិភាពពិភពលោក ប្រកបដោយនិរន្តភាព។
ជាមួយគ្នានេះលោក ថៃ នរៈសត្យា ក៏បានកោតសរសើ អំពីសកម្មភាពកន្លងមក របស់សមាគមអ៉ីគ័នតាវ ក្រោមការដឹកនាំ របស់ប្រធានគណៈកម្មាធិការនាយក នៃសមាគមន៍ដែលបានធ្វើការងារ ដែលពាក់ព័ន្ធនឹងការងារសង្គមជាច្រើនដូចជា ការបង្រៀនភាសាចិន ដោយឥតគិតថ្លៃ ផ្សព្វផ្សាយធម៌កតញ្ញូ លើកកម្ពស់ក្រមសីលធម៌ អប់រំផ្នែកវប្បធម៌ប្រពៃណី បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព និងជម្រុញការងារថែរក្សាការពារបរិស្ថានភពផែនដី ដោយការរៀបចំកម្មវិធីជម្រុញអាហារបួស នេះជាដើម។
ដោយឡែក បើតាមការឲ្យដឹងពីអគ្គលេខាធិការគ្រូឧប្បជ្ឈាយ៍លោក ឡាយ ឆាយចិន បានថ្លែងថា ការលើកកម្ពស់អាហារបួស គឺជាគោលដៅនៃការខិតខំប្រឹងប្រែងរបស់សមាគមអ៉ីគ័នតាវ ជារៀងរហូតមក ដើម្បីសង្ឃឹមថា នឹងមានមនុស្សកាន់តែច្រើនឡើងៗ យល់ដឹងអំពីអាហារបួស ហើយចូលចិត្តអាហារបួស។ ដូច្នេះឲ្យតែយើងធ្វើការ កែប្រែការទទួលទានអាហារ នោះនឹងធ្វើឲ្យការរស់នៅប្រកបដោយ សុខុមាលភាព និងបង្កើននូវអនាគតដ៏ប្រពៃ តាមរយៈការរៀបចំកម្មវិធីនេះយើងក៏សង្ឃឹមថា យើងទាំងអស់គ្នា នឹងខិតខំប្រឹងប្រែងរួមគ្នា ក្នុងការជម្រុញអាហារបួស៕