(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ចុះបង្រ្កាបករណីជួញដូរ និងចែកចាយគ្រឿងញៀន ១ករណីដោយធ្វើការឃាត់ខ្លួនមេចែកចាយម្នាក់ ព្រមទាំងដកហូតថ្នាំញៀន១០កញ្ចប់ និងសម្ភារជាច្រើន ផ្សេងទៀត។
មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្រុមទី៤៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បើតាមមន្រ្តីអាវុធហត្ថ ជនសង្ស័យដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ប៉ែន ចំរើន អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីចាប់ខ្លួន កម្លាំងអាវុធហត្ថបានដកហូត៖ ម្សៅសថ្លាចំនួន១០កញ្ចប់ (ធំ១កញ្ចប់ និងតូច៨កញ្ចប់ យ៉ាម៉ា១គ្រាប់), ម៉ូតូ០២គ្រឿង, ទូរស័ព្ទ៩គ្រឿង, ប្រាក់រៀល៣០០០០រៀល, ប្រាក់ដុល្លារ៣០$, លុយបាត១០០បាត, ដបជក់២ដប, ខ្សៀជក់០៧, ដែកកេះ៩, កន្ត្រៃ០២,ក្បាលផ្លុំ០១, ក្បាលផ្សាផ្លុំថង់០១, ជញ្ជីង០១ និងស្លាកលេខព្រះសីហនុ 1C-5378។
មន្រ្តីអាវុធហត្ថបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានព័ត៌មានស្តីអំពីមុខសញ្ញាចែកចាយគ្រឿងញៀនខាងលើនេះ កម្លាំងជំនាញក្រោម ការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួនជាក់ស្តែង និងដកហូតវត្ថុតាងជាច្រើនតែម្តង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕