Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៉ិន ចាន់នី៖ ឆ្នាំ២០១៦ ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា មាន១២០លានដុល្លារ ខណៈឆ្នាំ២០១៧ រំពឹងថាចំណេញ១៣៤លានដុល្លារ (Video inside)

26-12-2016 16:16

(ភ្នំពេញ)៖ ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ប្រចាំនៅកម្ពុជា លោក អ៉ិន ចាន់នី បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះថា ប្រាក់ចំណេញសុទ្ធរបស់ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំ២០១៦ មានចំនួន១២០លាន ដុល្លារអាមេរិក ដែលចំនួនកើនឡើង២០% បើធៀបនឹងឆ្នាំ២០១៥ ដែលមានត្រឹម ១០០លានដុល្លារតែប៉ុណ្ណោះ។

ការកើនឡើងនៃប្រាក់ចំណេញនេះ ត្រូវបានប្រធាននាយកប្រតិបត្តិរូបនេះ លើកឡើងថា ដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយ, កំណើនសេដ្ឋកិច្ចជាតិ ជាមធ្យម៧%ក្នុង១ឆ្នាំ, ដោយសារតែបរិយាកាសក្នុងសង្គមអំណោយផល ដល់អ្នកវិនិយោគ និងអ្នករកស៊ី និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព។

លោក អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងរំពឹងថា នៅឆ្នាំ២០១៦នេះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារ អេស៊ីលីដា បន្ទាប់ពីបង់ពន្ធរួចនឹងមានចំនួន១២០លានដុល្លារ ខណៈដែល ១១ខែឆ្នាំ២០១៦នេះ ប្រាក់ចំណេញមុនបង់ពន្ធរបស់យើងមានចំនួន ១៣៧.៣លានដុល្លារ ហើយប្រាក់ចំណេញបង់ពន្ធរួច មានចំនួន១០៩.៧លានដុល្លារ»។

ជាមួយគ្នាដែរ លោកក៏រំពឹង និងជឿជាក់ថា នៅឆ្នាំ២០១៧ខាងមុខនេះ ធនាគារ អេស៊ីលីដា និងចំណេញរហូតដល់១៣៤លានដុល្លារ។

សូមជម្រាបថា រហូតមកដល់ពេលនេះ អេស៊ីលីដា មានសាខាក្នុងស្រុកចំនួន២៥៧កន្លែង ដែលមានបុគ្គលិកជាង១.២ម៉ឺននាក់, សាខានៅប្រទេសឡាវ ចំនួន៤១កន្លែង មានបុគ្គលិក១ពាន់នាក់ និងនៅប្រទេសភូមា មាន៦សាខា មានបុគ្គលិក១៥៦នាក់៕