(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ ស្តីពីការធ្វើសមាហរណកម្ម ទៅក្នុងឋានន្តរស័ក្តិ និងថ្នាក់ នៃចៅក្រម និងព្រះរាជអាជ្ញា ចំនួន៤០៦រូប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នំា២០១៦កន្លងទៅថ្មីៗ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដើម្បីពិនិត្យលក្ខណៈវិនិច្ឆ័យ សម្រាប់ការធ្វើសមាហរណកម្មទៅក្នុងថ្នាក់ និងឋានន្តរស័ក្តិ នៃចៅក្រម និងព្រះរាជាអាជ្ញា បានដឹកនាំការធ្វើសមាហរណកម្មនេះ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដែលបានប្រកាសឲ្យប្រើតាម ព្រះរាជក្រមលេខ នស/រកម/០៧១៤/ ០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤។ ចៅក្រម និងព្រះរាជអាជ្ញា នៅទូទំាងប្រទេសចំនួន ៤០៦រូប ក្នុងនោះមាន ចៅក្រមចំនួន២៤៦រូប និងព្រះរាជអាជ្ញា ចំនួន១៦០រូប ដែលត្រូវធ្វើសមាហរណកម្ម ទៅក្នុងឋានន្តរស័ក្តិ និងថ្នាក់ នៃចៅក្រម និងព្រះរាជអាជ្ញា។
លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលចៅក្រម និងព្រះរាជអាជ្ញា ទំាងអស់នៅទូទំាងប្រទេស ត្រូវបានកំណត់ឲ្យមានឋានន្តរស័ក្តិ និងថ្នាក់ ហើយជាការឆ្លុះបញ្ចំាងឲ្យឃើញច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងយុត្តិធម៌ ក៏ដូចជាឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ចូលរួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាផ្នែកមួយ នៃស្នូលយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីដើមអាណត្តិទី៥ កន្លងមកនេះ។
លោក សំ ប្រជាមានិត បានបន្ថែមទៀតថា៖ ការងារដ៏មានសារៈសំខាន់នេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីការអនុវត្តយ៉ាងពេញលេញនូវច្បាប់គោលទំាង៣ នៃវិស័យតុលាការដែលរួមមានច្បាប់ស្តីពីការរៀបចំ អង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។
ខាងក្រោមនេះព្រះរាជក្រឹត្យផ្តល់ឋានន្តរស័ក្តិ និងថ្នាក់ នៃចៅក្រម និងព្រះរាជអាជ្ញាចំនួន៤០៦រូប៖