(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យគណបក្សសង្រ្គោះជាតិ កំណត់ជាគោលនយោបាយផ្ទាល់ខ្លួនចំពោះការជំទាស់នឹង ការលើកលែងបណ្ណបើកបរសម្រាប់ អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រចាំនៅរដ្ឋសភា។
ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងមួយចំនួន ចេញមុខជំទាស់ទៅ នឹងការធ្វើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចដែលចែងឱ្យលើកលែងមិនឱ្យមាន បណ្ណបើកបរសម្រាប់អ្នកជិះម៉ូតូចាប់ពីកម្លាំង ម៉ាស៊ីន 125 CC ចុះក្រោម។ សមាជិកសភាគណបក្សប្រឆាំងទាំងនោះ បាននិយាយថា ការលើកលែងមិនឱ្យមានបណ្ណបើកបរ សម្រាប់ម៉ូតូបែបនោះ ពុំអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានទេ។
លោក ឈាង វុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដែលសម្តេចតេជោ សម្រេចឱ្យអ្នកបើកបរម៉ូតូកម្លាំង125 CC ចុះក្រោម ពុំចាំបាច់ធ្វើបណ្ណបើកបរនេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងការចំណាយរបស់ពួកគាត់ ដោយសារតែមានសំណូមពរ របស់ប្រជាពលរដ្ឋបង្ហាញពីការលំបាកនេះ ក្រោយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់ឱ្យអនុវត្ត។
លោកបានថ្លែងយ៉ាងដូច្នេះថា «ច្បាប់វិសោធនកម្មនេះកើតឡើងដោយសារតែ ពេលដែលដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ថ្មីទៅ មានប្រជាពលរដ្ឋសំណូមពរទៅកាន់សម្តេចតេជោ ហ៊ុន សែន ឱ្យលើកលែងកុំឱ្យមានបណ្ណបើកបរទោចក្រយានយន្ត ១២៥ CC និងក្រោមនេះ»។ លោកបានបន្ថែមថា «សម្តេចតេជោ បានជួយដល់ប្រជាពលរដ្ឋ ដោយសារតែប្រជាពលរដ្ឋបានលើកអំពីការលំបាក ព្រោះតែប្រជាពលរដ្ឋមួយគ្រួសារគាត់មានសមាជិក៤-៥នាក់ ប៉ុន្តែគាត់មានម៉ូតូតែមួយគ្រឿង ហើយបើធ្វើបណ្ណបើកបរ ទាំងអស់គ្នាក៏មិនកើតដែរ»។
លោកបានបន្ថែមថា «នៅព្រឹកនេះ ក្នុងការអនុម័តកន្លែងហ្នឹង សម្តេចតេជោ បានមានប្រសាសន៍ក្នុងរឿងហ្នឹងដោយសារតែមានសមាជិក គណបក្សសង្រ្គោះជាតិ ទាមទារឱ្យមានបណ្ណបើកបរ(សម្រាប់ម៉ូតូ១២៥CCចុះក្រោម)ហ្នឹង។ អញ្ចឹងសម្តេចតេជោ បានឡើងប្រកាសថា លោកទទួលខុសត្រូវ ចំពោះសិទ្ធិប្រជាពលរដ្ឋ ព្រោះលោកជានាយករដ្ឋមន្រ្តី»។
ទោះបីជាមានការខ្វែងគំនិតគ្នានៅត្រង់ចំណុចនេះក្តី នៅព្រឹកមិញនេះសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកនៅតែត្រូវបាន អនុម័តក្រោមសំឡេង របស់សមាជិកសភា៩៣លើ១០០រូប។ ការអនុម័តនេះក៏មានការគាំទ្រដោយសមាជិកគណបក្សប្រឆាំងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងកិច្ចប្រជុំសភាពេញអង្គនេះថាបើសិនជាគណបក្សប្រឆាំងនៅតែ មិនសុខចិត្ត គណបក្សប្រឆាំងអាចកំណត់ជាគោលនយោបាយរបស់ខ្លួន នៅពេលបោះឆ្នោតបាន ដោយកំណត់ឱ្យមានបណ្ណបើកបរ សម្រាប់ម៉ូតូគ្រប់ប្រភេទ ហើយឱ្យប្រជាពលរដ្ឋបោះឆ្នោត៕