(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការនិរទេសខ្លួនរបស់ ទណ្ឌិត សម រង្ស៊ី ធ្វើឡើងដោយការស្មគ្រ័ចិត្ត ហើយព្យាយាមប្រឌិត និងបំភ្លៃផ្សាយបំផុស និងបោកប្រាស់សាធារណជនពីការពិត ដោយខំក្រឡៃយកបញ្ហាផ្ទាល់ខ្លួន ដែលពាក់ព័ន្ធនិងរឿងតុលាការ ទៅពាក់ព័ន្ធជាមួយនឹងរឿងរបស់ជាតិ។
លោក ផៃ ស៊ីផាន បានបន្តលើកឡើងថា៖ នៅក្នុងរយៈពេលនៃការភៀសខ្លួន ដោយស្មគ្រ័ចិត្តរបស់ទណ្ឌិត សម រង្ស៊ី បង្កចលនានយោបាយ គៀងគរបរទេសយក កម្ពុជាជាខ្មាំង ដោយប្រឌិតរូបភាព និងសារជាតិប្រឆាំង ឬបំផ្លាញកិច្ចទំនាក់ទំនងល្អ រវាងប្រជាជាតិកម្ពុជា និងប្រជាជាតិបរទេសមួយចំនួន បន្ថែមពីនេះទៅទៀតទណ្ឌិត សម រង្ស៊ី នេះក៏យកកម្មករកម្ពុជាជាសត្រូវ និងជាទិសដៅក្នុងការបំផ្លាញ ដោយហាមមិនឲ្យអ្នកបណ្តាក់ទុន និងអ្នកជំនួញបរទេស ផ្អាកធុរកិច្ចសកម្មភាពជំនួញដែលធ្វើ ឲ្យប៉ះពាល់ដល់កម្មករផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់គេ។
បន្ថែមពីលើនោះទៅទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលដដែលរូបនោះបានហៅទណ្ឌិត សម រង្ស៊ី ថា «បានយកបញ្ហាផ្ទាល់ខ្លួន នៅក្នុងរឿងតុលាការ មកដូរជាមួយរឿងជាតិ និងរឿងកម្មករ ដែលអាចថាបានយកឈាមខ្មែរទាំងមូលជាកម្រាលព្រំជាន់ជើង ដើម្បីជាមហចិ្ឆតាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ»។
រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានរៀបរាប់បន្ថែមយ៉ាងដូច្នេះថា៖
ការរត់គេចខ្លួន ដោយស្មគ្រ័ចិត្តរបស់ទណ្ឌិត សម រង្ស៊ី ចាប់ផ្តើមពីកូរ៉េខាងត្បូង ទៅកាន់ប្រទេសបារាំង ដោយគាត់ជាជនជាតិបារាំងផងនោះ (មានសញ្ជាតិជាបារាំង) បានធ្វើឲ្យសកម្មជន និងអ្នកគាំទ្រ CNRP ហួសចិត្ត និងខកចិត្តពីសកម្មភាពរបស់ទណ្ឌិតនេះ។ នៅពេលនោះខ្លួនផ្ទាល់របស់ទណ្ឌិត បានធ្វើការបកស្រាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឲ្យសាធារណជនជាតិ និងអន្តរជាតិយល់ឃើញថា ជាយុទ្ធសាស្រ្តនយោបាយក្នុងការ «ស្ម័គ្រចិត្តភៀសខ្លួន» ដើម្បីបង្កើតជាទម្ងន់ និងរូបភាពនយោបាយ ក្នុងការលាក់បាំងរឿងឯកជនផ្ទាល់ខ្លួន ពាក់ព័ន្ធនិងរឿងតុលាការ។
នៅក្នុងរយៈពេលនៃការភៀសខ្លួន ដោយស្មគ្រ័ចិត្តរបស់ទណ្ឌិត សម រង្ស៊ី បង្កចលនានយោបាយ គៀងគរបរទេសយកកម្ពុជាជាខ្មាំង ដោយប្រឌិតរូបភាព និងសារជាតិប្រឆាំងឬបំផ្លាញកិច្ចទំនាក់ទំនងល្អ និងសហប្រតិបត្តិការរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិបរទេសមួយចំនួន បន្ថែមពីនេះទៅទៀតទណ្ឌិត សម រង្ស៊ី នេះក៏យកកម្មករកម្ពុជាជាសត្រូវ និងជាទិសដៅក្នុងការបំផ្លាញ ដោយហាមមិនឲ្យអ្នកបណ្តាក់ទុន និងអ្នកជំនួញបរទេសផ្អាកធុរកិច្ចសកម្មភាពជំនួញដែលធ្វើ ឲ្យប៉ះពាល់ដល់កម្មករផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់គេ។ នេះជាឧបាយកលដ៏កំសាកមួយ ដែលយកបញ្ហាផ្ទាល់ខ្លួន នៅក្នុងរឿងតុលាការ មកដូរជាមួយរឿងជាតិ និងរឿងកម្មករ ដែលអាចថាបានទណ្ឌិតរូបនេះ យកឈាមខ្មែរទាំងមូលជាកម្រាលព្រំជាន់ជើង ដើម្បីជាមហចិ្ឆតាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
រីឯការលើកតម្កើងតម្លៃខ្លួន ប្រៀបធៀបជាមួយឥស្សរជនខ្មែរមួយចំនួន ជាពិសេសព្រះករុណា ព្រះបាទ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គចាកចេញទៅកាន់បរទេស គឺនៅក្នុងការងារពេញបេសសកម្មរបស់ព្រះអង្គ រួមទាំងការពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គផ្ទាល់ គឺមិនមានរូបភាពប្រហាក់ប្រហែលជាមួយ និងការគេចខ្លួនរបស់ទណ្ឌិត សម រង្ស៊ីនោះទេ។ ហើយព្រះអង្គក៏ពុំមានសញ្ជាតិបរទេសដូចទណ្ឌិត សម រង្ស៊ី ផងដែរ ដែលទណ្ឌិតរូបនេះបង្កនូវភាពស្មុគស្មាញ ទាំងទិដ្ឋភាពច្បាប់ក្នុងប្រទេស ក៏ដូចជាទំនាក់ទំនងល្អរបស់បរទេស ដែលផ្តល់សញ្ជាតិទីពីរដល់ទណ្ឌិតរូបនេះ៕