(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ចុះពិនិត្យមើលផ្លូវបេតុងថ្មី១ខ្សែ ដែលទើបស្ថាបនារួច និងបានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ដង្កោផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោកអភិបាលខណ្ឌ បានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងមូលដ្ឋាន ក៏ដូចជា នៅទូទាំងប្រទេសក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចតែងបានយកចិត្តទុកដាក់ថែរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ តួយ៉ាងផ្លូវបេតុងថ្មីមួយខ្សែនេះ ជាសក្ខីភាពស្រាប់។

មន្រ្តីសាលាខណ្ឌដង្កោ បានថ្លែងថា ផ្លូវបេតុង០១ខ្សែដែលទើបស្ថាបនារួចនាពេលថ្មីៗនេះ មានប្រវែង៥៦៥ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងគម្រោងថវិកា​របស់រដ្ឋបាល​ខណ្ឌដង្កោ​ឆ្នាំ២០១៦ ក្នុងភូមិថ្មី សង្កាត់ដង្កោ ដោយភ្ជាប់ពីផ្លូវ២១៧ ទៅកាន់ផ្លូវព្រៃស ដើម្បីជូនប្រជាពលរដ្ឋប្រើប្រាស់ធ្វើដំណើរប្រចាំថ្ងៃ និងបញ្ជៀសចរាចរណ៍ តាមបណ្តោយផ្លូវ២១៧ និងផ្លូវព្រៃសផងដែរ។

បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី បានអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងបានគិតគូដល់ការលំបាករបស់ពួកគាត់ និងស្ថាបនាផ្លូវបេតុងថ្មី១ខ្សែទៀត ដើម្បីសម្រួល​ដល់ការធ្វើដំណើរប្រកបរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និងមានផាសុខភាព​ក្នុងការរស់នៅ៕