(បន្ទាយមានជ័យ)៖ ប្រជាកសិករចំនួន៤ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានជួបទុក្ខជាន់ទុក្ខ នោះគឺបានចំណាយលុយមិនតិចទេ សម្រាប់ធ្វើស្រូវ ប៉ុន្តែមិនទាន់បានប្រមូលផលផង ស្រាប់តែត្រូវភ្លើងឆេះបំផ្លាញខ្ទេចទៀត។
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះថា គ្រោះអគ្គិភ័យឆេះស្រូវរបស់ប្រជាកសិករខាងលើនេះ បានបំផ្លាញអស់ស្រូវដែលទុំមានចំនួន១៧ហិកតា ប៉ុន្តែហេតុការណ៍នេះ ត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថ កម្លាំងយោធា និងប្រជាពលរដ្ឋ និងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យផ្ទាល់ ទៅជួយអន្តរាគមន៍ រហូតរលត់ទៅវិញ នៅល្ងាចម្សិលមិញមកហើយ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ភ្លើងឆេះស្រូវប្រជាពលរដ្ឋ ទាំង៤ភូមិនេះរួមមាន៖ ១-ភូមិតាផោក ចំនួន១០ហិកតា ២-ភូមិប៉ោយវត្ត ចំនួន៣ហិកតា ៣-ភូមិតាជ្រឹង ចំនួន២ហិកតា និង៤-ភូមិបឹងសិលា ចំនួន២ហិកតា សរុបនៃការខូចខាតចំនួន១៧ហិកតា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងនាំឲ្យគ្រោះអគ្គិភ័យខាងលើនេះ នាំឲ្យខាតបង់យ៉ាងច្រើន៕