(ភ្នំពេញ)៖ អតីតសិស្សចម្រុះថ្នាក់ជាច្រើនជំនាន់ នៃវិទ្យាល័យបាក់ទូក ព្រមទាំងលោកគ្រូអ្នកគ្រូបច្ចុប្បន្ន និងចូលនិវត្តន៍បានរួបរួមគ្នារៀបចំកម្មវិធីជួបជុំដឹងគុណគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន នាពេលកន្លងមក និងរំលឹកអនុស្សាវរីយ៍ពីអតីតកាលរវាងគ្រូ និងសិស្ស ក៏ដូចជាសិស្ស និងសិស្ស ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ។
ពិធីជួបជុំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណនៃវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពីអតីតលោកគ្រូអ្នកគ្រូចូលនិវត្តន៍ លោកគ្រូអ្នកគ្រូបច្ចុប្បន្ន និងអតីតសិស្សចម្រុះជាច្រើនជំនាន់ មានដូចជា ជំនាន់ឆ្នាំ១៩៧៩ ឆ្នាំ១៩៨៥ ឆ្នាំ១៩៨៨ ឆ្នាំ១៩៩១ ឆ្នាំ១៩៩២ ឆ្នាំ១៩៩៤ ឆ្នាំ១៩៩៥ ឆ្នាំ១៩៩៦ ឆ្នាំ១៩៩៧ ឆ្នាំ១៩៩៨ ឆ្នាំ២០០០ និងជំនាន់ផ្សេងៗទៀតផងដែរ ដែលសរុបមានចំនួនប្រមាណ៦០០នាក់។ កម្មវិធីជួបជុំនេះត្រូវបានរៀបចំឡើងយ៉ាងអធឹកអធម និងក្នុងបរិយាកាសសប្បាយរីករាយ ដោយមានជាការសំណេះសំណាលរំលឹកអនុស្សាវរីយ៍ពីអតីតកាល ការពិសារភោជនាហារសាមគ្គី ពិធីប្រគល់ថវិការជូនលោកគ្រូអ្នកគ្រូ ពិធីចុះហត្ថលេខាលើគម្រោងជួសជុលដំបូលទីចាត់ការរបស់សាលា ព្រមទាំងកម្មវិធីច្រៀងរាំលេងកំសាន្ត ជាមួយលោកគ្រូអ្នកគ្រូ យ៉ាងស្និតស្នាលសប្បាយកុះករ។
លោក សុខ សុវណ្ណា អតីតនាយកវិទ្យាល័យបាក់ទូកបានថ្លែងប្រាប់ Fresh News ថា «ខ្ញុំមានចិត្តសោមនស្សរីករាយឥតឧបមារកអ្វីប្រៀបផ្ទឹមពុំបាន ដោយថ្ងៃនេះជាទិវាមួយដ៏សែនអស្ចារ្យ និងមហាជួបជុំមួយ ដែលខ្ញុំមិននឹកស្មានថាអតីតសិស្សរបស់យើង ពីជំនាន់ផ្សេងៗគ្នា មកជួបជុំយ៉ាងច្រើនកុះករ មូលមតិរួមគ្នាធ្វើបុណ្យទាន់ខែភ្លឺ ដោយមានការឧបត្ថម្ភជាក្តារខៀនកញ្ចក់ តុសិស្សនិងគ្រូ បំពាក់ស្ទើរគ្រប់ថ្នាក់ទាំងអស់ ព្រមទាំងជួសជុលនូវទីចាត់ការថ្មី ដើម្បីបន្សល់ទុកសម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជំនាន់ក្រោយ ជាកូនជាចៅដែលជាពន្លកសង្គម ដែលកុសលទាំងនេះពិតជាកុសលផលបុណ្យ ដែលបានកសាង និងផ្តល់ជូនដោយអតីតសិស្សរបស់យើងគ្រប់ជំនាន់។ វិទ្យាល័យយើងនៅពេលនេះ បានកែប្រែមុខមាត់ថ្មីមួយចំនួន ទទួលបាននូវសមិទ្ធិផល កែលម្អលូតលាស់ទៅតាមស្តង់ដារ»។
ចំពោះសមិទ្ធិផលថ្មីដែលវិទ្យាល័យបាក់ទូកនឹងទទួលបានក្រោយពី បានប្រមូលថវិការពីការរៀបចំពិធីនេះ លោក តូច កន្ថាល់ ដែលជានាយកវិទ្យាល័យបាក់ទូកបច្ចុប្បន្ន បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា «អ្វីដែលយើងមានរួចមកហើយនិងដាក់ឲ្យសម្ពោធក្នុងថ្ងៃនេះ គឺថ្នាក់រៀនគំរូ ដែលបំពាក់ទៅដោយសម្ភារៈបរិក្ខារសិក្សាថ្មីស្រឡាងមួយឈុត ដែលជាការឧបត្ថម្ភដោយផ្ទាល់អំពីលោកអតីតនាយក សុខ សុវណ្ណា។ ចំពោះនៅពេលខាងមុខ សាលានឹងទទួលបាននូវដំបូលទីចាត់ការថ្មីមួយស្អាត ដែលមានរចនាបទជាលក្ខណៈខ្មែរសុទ្ធសាធ ព្រោះថាក្នុងស្ថានភាពសព្វថ្ងៃនេះ គឺដំបូលនេះមានសភាពទ្រុឌទ្រោមខ្លាំង និងលិចទឹក នៅរដូវវស្សា ហើយសាលាក៏នឹងទទួលបានបន្ទប់ទឹកអនាម័យថ្មី សម្រាប់ប្អូនៗជាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រើប្រាស់ចំនួនប្រហែលជា២០ ទៅ៣០ទៀត តារាងបាល់បោះថ្មីក៏នឹងរៀបចំសាងសង់ឡើង ហើយក្តារខៀនថ្មីធ្វើពីកញ្ចក់ក៏នឹងត្រូវបំពាក់ជំនួសក្តារខៀនចាស់ នៅតាមគ្រប់បន្ទប់ទាំងអស់ផងដែរ»។
គួរបញ្ជាក់ផងដែរថា ពិធីជួបជុំរៃអង្គាសថវិការជួសជុលដំបូលទីចាត់ការនេះ ក៏បានទទួលការគាំទ្រនិងលើកទឹកចិត្តពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយបានចូលរួមជាថវិកាឧបត្ថមចំនួន១,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្មវិធីជួបជុំនេះផងដែរ។
គួររំលឹកផងដែរថា កម្មវិធីជួបជុំដឹងគុណគ្រូ និងរំលឹកអនុស្សាវរីយ៍ ពីអតីតកាលរវាងគ្រូ និងសិស្ស ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំនេះ បានធ្វើឡើងក្នុងគោលបំណង (១). ផ្តល់ឱកាស ដល់អតីតសិស្សគ្រប់ជំនាន់ ទាំងក្នុងស្រុកនិងក្រៅប្រទេស បានមកជួបជុំគ្នាជាថ្មី ដើម្បីរឹតចំណងមិត្តភាពរវាងគ្នានិងគ្នា និងជាមួយលោកគ្រូ/អ្នកគ្រូរបស់ខ្លួនគ្រប់ថ្នាក់គ្រប់ជំនាន់ (២). ប្រមូលថវិកាឧបត្ថម្ភពីសប្បុរសជនជាអតីតសិស្ស ដើម្បីជួសជុលដំបូលទីចាត់ការ និងសាងសង់បន្ទប់ទឹកបុរសនារី ជូនវិទ្យាល័យបាក់ទូក ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់លោកគ្រូអ្នកគ្រូ និងប្អូនៗជាសិស្សានុសិស្សមានភាពងាយស្រូលក្នុងការសិក្សា (៣). អញ្ជើញអតីតលោកគ្រូ/អ្នកគ្រូដែលបានចូលនិវត្តន៍ចំនួន៧២រូប និងលោកគ្រូ/អ្នកគ្រូបច្ចុប្បន្នប្រមាណ ២៨៤ រូប ចូលរួមពិសារភោជនាហាថ្ងៃត្រង់រួមគ្នា និង (៤). ផ្តល់ជាថវិកាឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូ៕