(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៉ិន សុភិន បានថ្លែងឲ្យដឹងថា កាលពីម្សិលមិញនេះ ដោយសារតែមានអ្នកសម្រុកទិញសំបុត្រ ចូលទស្សនា រឿង «សួស្ដីលោកគ្រូកំឡោះ» ច្រើនពេក បានធ្វើឲ្យមានទស្សនិកជនខ្លះ ទិញមិនទាន់គេ ហើយកើតក្ដីខឹងក្រោធ មួម៉ៅ ព្រោះតែអស់កៅអីចូលអង្គុយទស្សនា តម្រូវឲ្យពួកគេត្រឡប់ទៅវិញទាំងខកបំណង។
លោក អ៉ិន សុភិន បាបន្ដទៀតថា រយៈពេលនៃការដាក់បញ្ចាំង រឿង «សួស្ដីលោកគ្រូកំឡោះ» លោកសង្កេតឃើញថា មានមហាជន ក៏ដូចជាទស្សនិកជន ជាពិសេសយុវវ័យ បានមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ធ្វើឲ្យលោកស្មានមិនដល់សោះថា រឿង «សួស្ដីលោកគ្រូកំឡោះ» ទទួលបានការគាំទ្រ ខ្លាំងបែបនេះសោះ។
លោក អ៉ិន សុភិន និយាយថា « អូ.. ពីម្សិលមិញហ្នឹង.! មានអ្នកទៅទស្សនាច្រើនមែន.. រហូតមានបងប្អូនខ្លះ គាត់រអ៊ូរទាំ ព្រោះតែគ្មានកន្លែងអង្គុយមើល។ តែទោះបីជាយ៉ាងណា ក៏ក្រុមការងារ នឹងសម្របសម្រួល ធ្វើយ៉ាងណា ដើម្បីឲ្យបងប្អូនបានទស្សនាទាំងអស់គ្នា សូមបងប្អូនសម្រួលអារម្មណ៍ និងរងចាំក្រុមការងារជាអ្នកចាត់ចែង..!»។
រឿង «សួស្ដីលោកគ្រូកំឡោះ» ជាប្រភេទរឿងកំប្លែង កាច់កុងឌឺដង និងមនោសញ្ចេតនា ជាពិសេសគឺផ្ដោតសំខាន់លើការអប់រំច្រើន ហើយតួសម្ដែងក៏សុទ្ធតែ កំពុងមានទីផ្សារគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ជាពិសេសមានសាច់រឿងល្អជាងមុន និងមានការអប់រំច្រើនក្នុងសង្គម រស់នៅរបស់សិស្សានុសិស្ស ជាពិសេសការសិក្សារបស់យុវវ័យ ហើយក៏ប្រមូលផ្ដុំដោយ អ្នកដឹកនាំ និងនិពន្ធមានស្នាដៃល្អៗផងដែរ។
សូមបញ្ជាក់ថា រឿង «សួស្ដីលោកគ្រូកំឡោះ» មានវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀតដូចជា អ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, អ្នកនាង ខ្ញុង, កញ្ញា នីឡា, កញ្ញា ម៉ៅ គឹមធីតា, លោក ងួន សុបិន, លោក អូន ឧស្សាហ៍, លោក លឹម រដ្ឋា, កញ្ញា ផាន់ ផាផួង, កញ្ញា យ៉ែម ស្រីពេជ្រ, លោក ផាត់ គង់, លោក ស្រេង វណ្ណ ព្រមទាំងតារាកិត្តិយស ជាច្រើនដួងទៀត៕