(ភ្នំពេញ)៖ ពលករ-ពលការិនីខ្មែរចំនួន១១នាក់ មាតុភូមិនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយមានកិច្ចអន្ដរាគមន៍ ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដោយពលករទាំងអស់នេះ មិនអាចទ្រាំទ្រនឹងការងារនៅប្រទេសម៉ាឡេស៊ីបាន។
តាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បញ្ជាក់ថា ពលករ-ពលការិនី៩នាក់ មានស្រុកកំណើតនៅខេត្តក្រចេះ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ត្រូវបានមិត្តភក្តិនាំទៅធ្វើការខុសច្បាប់នៅរោងចក្រ ប្លាស្ទីកក្នុងប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក ពួកគេបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែធ្នូ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ហើយស្ថានទូតបានសម្របសម្រួល ដោះស្រាយជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។
ក្រសួងការបរទេសថា ពលការិនីម្នាក់ មានស្រុកកំណើត នៅខេត្តតាកែវ បានទៅម៉ាឡេស៊ីធ្វើការងារផ្ទះពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ លុះនៅល្ងាចថ្ងៃទី២២ ខែធ្នូ ក្រោមកិច្ចអន្តរាគមន៍ របស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងសំបុត្រយន្តហោះដល់នាង ហើយមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ តាមជើងយន្តហោះ AK534។
ចំណែកពលការិនីម្នាក់ទៀត មកពីខេត្តបាត់ដំបង បានទៅធ្វើការងារតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី ពីខែធ្នូ ឆ្នាំ២០០៩ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ កិច្ចសន្យាការងាររបស់ពលការិនី ត្រូវផុតកំណត់ក្នុងខែធ្នូ ឆ្នាំ២០១៦នេះ ហើយនាងមានបំណងវិលត្រឡប់មកកម្ពុជាវិញ។ តាមការស្នើសុំ របស់ស្ថានទូត និយោជកបានប្រគល់ជូនពលការិនី នូវប្រាក់ខែរបស់នាងទាំងអស់ចំនួន៩,០០០ដុល្លារ លិខិតឆ្លងដែន និងសំបុត្រយន្តហោះ ហើយបានមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៦ តាមជើងយន្តហោះ MH762។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ជូនដល់ ពលករ-ពលការិនីទាំង១១នាក់ ផងដែរ៕