(ភ្នំពេញ)៖ រដ្ឋាភិបាលសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងផ្ដល់កម្ចីឥណទានសម្បទាន ចំនួន៣០លានអឺរ៉ូ(ជាង៣០លានដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងពង្រីកសមត្ថភាព រោងចក្រផលិតទឹកស្អាតចំការមន និងពង្រីកប្រព័ន្ធចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
កិច្ចព្រមព្រៀងកម្ចីឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ ខាងលើនេះ ត្រូវបានចុះហត្ថលេខារវាង ក្រសួងសេដ្ឋកិច្ច ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ដោយមានការចូលរួម ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងតំណាងស្ថានទូតបារាំងប្រចាំកម្ពុជា។
បើតាមក្រសួងសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ថា «តាមរយៈគម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនឲ្យបានដល់ ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ន អាចផលិតបានត្រឹម ១៤,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ»។
ក្រសួងសេដ្ឋកិច្ចបានបន្តថា ដើម្បីសម្រេចនូវគោលដៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវធ្វើការផ្លាស់ប្តូរបំពង់ទុយោទឹកចាស់ ពីស្ថានីយ៍បូមទឹកល្អក់ មករោងចក្រផលិតទឹកស្អាត ដែលមានតាំងពីឆ្នាំ១៩៩៦ និងការពង្រីកប្រព័ន្ធចែកចាយទឹក នៅជាយរាជធានីភ្នំពេញទាំងមូល។
សូមរលឹកថា កិច្ចព្រមព្រៀងនេះ គឺជាឥណទានសម្បទានលើកទី៦ ដែលកម្ពុជាទទួលបានពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) បន្ទាប់ពីកិច្ចព្រមព្រៀងឥណទានលើកទី១ ត្រូវបានផ្តល់ដល់កម្ពុជា នៅពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣៕