(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បញ្ឈប់ការទិញ និងបោះចោលផលិតផលដំឡូងបំពង «Flavored Potato Chip Products» ដោយសារតែក្រុមហ៊ុនរបស់អាមេរិកមួយ បានបញ្ជាក់ឲ្យដឹងថា គ្រឿងផ្សំនៃផលិតផលដំឡូងនេះ មានបាក់តេរីចម្លងចូល ដែលបណ្ដាលឲ្យមានជំងឺប្រព័ន្ធរំលាយអាហារ និងគ្រុនពោះវៀនជាដើម។ (សូមមើលម៉ាកផលិតផលនំដំឡូងហាមឃាត់មួយចំនួននៅខាងក្រោម៖)

យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «សូមជម្រាបជូនដំណឹង ដល់សាធារណជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ-លក់រាយ សូមមេត្តាជ្រាបថា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងអំពីក្រុមហ៊ុន Old Dutch Foods Inc of St. Paul, MN បានស្ម័គ្រចិត្តប្រមូលមកវិញនូវផលិតផលដំឡូងបំពង «Flavored Potato Chip Product» មួយចំនួន បន្ទាប់ពីបានរកឃើញថា ផលិតផលនេះមានប្រើគ្រឿងផ្សំទឹកដោះគោ ផ្គត់ផ្គង់ដោយក្រុមហ៊ុន Valley Milk Products LLC មានការចម្លងចូលបាក់តេរី Salmonella នៅក្នុងគ្រឿងផ្សំនោះ ក្រុមហ៊ុនបានប្រកាសសុំកុំឲ្យអតិថិជន អ្នកប្រើប្រាស់ ទិញផលិតផលមានបញ្ហាខាងលើនេះ និងសូមកុំទទួលទាន ហើយបើទិញហើយ ត្រូវបោះបង់ចោល»។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការ រួមមាន ការរាំងខ្ទប់មិនឲ្យនាំចូលផលិតផលខាងលើនេះ, ផ្ដល់ព័ត៌មាន ដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងលក់រាយ ក្នុងករណីមានការនាំចូល និងចរាចរលើទីផ្សារ, ត្រួតពិនិត្យនៅតាម ទីផ្សារ ធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់ និងការចុះអង្កេត ការផ្សព្វផ្សាយតាមសាលារៀនទូទាំងប្រទេស។

តាមសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានប្រកាសប្រាប់លេខទូរស័ព្ទសាខាកាំកុងត្រូលទូទាំងប្រទេសដើម្បីឲ្យ ប្រជាពលរដ្ឋ ដែលបានទិញផលិតផល និងឃើញផលិតផលទាំងនេះ អាចទូរស័ព្ទដើម្បីផ្ដល់ព័ត៌មាន។

សូមអានព័ត៌មានលម្អិតសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល៖