(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យកីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA ចូលរួមបង្ហាត់បង្រៀន និងផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជា ឲ្យចូលរួមក្នុងវិស័យកីឡាបាល់ទាត់កាន់តែច្រើនឡើងបន្ថែមទៀត ស្របពេលបាល់ទាត់ ជាកីឡាដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្នទូទាំងសកលលោក។
ការស្នើសុំនេះដែរ ត្រូវបានធ្វើឡើង ស្របពេលដែលប្រមុខដឹកនាំនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាករជម្រើសជាតិជប៉ុន HONDA និងកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់ប្រទេសអ៊ីតាលីចូលជួបសំដែងការគួរសម និងសំណេះសំណាលនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
កីឡាករជប៉ុន Keisuke HONDA វ័យ៣០ឆ្នាំ បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិនគិតថា ចង់ក្លាយជាកីឡាករ បាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់ និងផ្ទេរទៅឲ្យយុវជនកម្ពុជា ដែលមានសុបិន ដូចរូបលោកដែរ គឺដើម្បីឲ្យយុវជនកម្ពុជា ទទួលបានជោគជ័យដូចរូបលោកផងដែរ។
លោកថា នេះគឺជាមោទនភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរ ដើម្បីចូលរួមក្នុងការផ្សព្យផ្សាយ ដ៏មានសារៈសំខាន់ទាំងនេះ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវបំណងល្អរបស់លោក ហុងដា និងបានជម្រាបជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល់ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ឆតារបស់យុវជនម្នាក់ៗ។ សម្ដេចតេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ពី កីឡាបាល់ទាត់ជប៉ុនដ៏ល្បីម្នាក់នេះ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយសុបិនរបស់ពួកគេ ឲ្យក្លាយទៅជាការពិតដូចរូបលោក។
ទន្ទឹមនឹងនោះ សម្ដេចតេជោ បានស្នើឲ្យលោកហុងដាចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាឲ្យចូលរួមក្នុងវិស័យកីឡាឲ្យបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ លោក ហុងដា សប្បាយចិត្តចំពោះសកម្មភាព ចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា៕