(ភ្នំពេញ)៖ លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «វិកលចរិត» បានថ្លែងបញ្ជាក់ថា សម្រាប់ភាពយន្តខ្មែរ រឿង «វិកលចរិត» ដែលបាននាំយកទៅប្រកួត នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត ប្រចាំក្នុងប្រទេសចិន ហើយទទួលបានពាន កាលពីពេលថ្មីៗនេះ គឺជាមោទនភាព ដ៏អស្ចារ្យមួយ សម្រាប់ជីវិតរបស់លោក ដែលបានប្រឡូកក្នុងវិស័យភាពយន្ត អស់រយៈពេល១៥ ឆ្នាំ និងជាពានលើកទី១ ធ្វើឲ្យលោករំភើបចិត្ត និងមានកម្លាំងចិត្តនៅក្នុងការបន្តការងារ ផលិតភាពយន្តបន្តទៀត បន្ទាប់ពីរួចផុត ពីការខាតបង់។
ចាងហ្វាងផលិតកម្ម «មាតុចក្រហ្វីលម៍» និងជាផលិតករវ័យក្មេង ហ៊ានលះបង់កម្លាំងកាយចិត្ត ក្នុងវិស័យភាពយន្តរូបនេះ បានបន្តថ្លែង ក្នុងកិច្ចសម្ភាសន៍ នាពេលថ្មីៗនេះ ទៀតថា ក្នុងរយៈពេល១៥ ឆ្នាំមកនេះ លោកបានប្រឹងប្រែងផលិតភាពយន្ត ខ្នាតធំ បានជាច្រើនរឿង ហើយទទួលបានជោគជ័យជាបន្តបន្ទាប់។ ជាក់ស្ដែងដូចជារឿង «អាព្រឿងងាប់ហើយ,អាកុក អាច្រវ៉ា, ខ្មោចនាងចេកជ្វា» និងរឿង «វិកលចរិត» នេះជាដើម។ អ្វីដែលលោកត្រេកអរគ្មានអ្វីផ្ទឹម នៅពេលនេះ គឺការទទួលបានពានរង្វាន់ «The Screening Award of Lanmei International Film Wee» ក្នុងមហោស្រពភាពយន្តចិន។
លោក ហ៊ុយ យ៉ាឡេង និយាយថា «ខ្ញុំពិតជាសម្ដែង នូវក្ដីរីករាយមែនទែន ព្រោះនេះជាពានរង្វាន់លើកទី១ សម្រាប់ជីវិតរបស់ខ្ញុំ ជាអ្នកផលិតភាពយន្ត ដែលប្រើអស់រយៈពេល ជាង១៥ឆ្នាំមកហើយ ជាពានអន្តរជាតិមួយ សម្រាប់ខ្ញុំជាកូនខ្មែរ ក៏ដូចជាបងប្អូនប្រជាជនខ្មែរទាំងមូល។ ខ្ញុំក៏មិនភ្លេចអ្នកនៅជុំវិញខ្លួន ដែលបានជួយជ្រោមជ្រែង គ្រប់បែបយ៉ាង ជួយទាំងកម្លាំងកាយចិត្ត ហើយបើគ្មានអ្នកទាំងអស់នេះទេ ក៏ខ្ញុំគ្មានថ្ងៃនេះដែរ។
សូមបញ្ជាក់ថា រឿង «វិកលចរិត» ត្រូវបាននាំយកទៅប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តចិន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមានបណ្ដាប្រទេសជាច្រើន ចូលរួម ជាពិសេសប្រទេស តាមដងទន្លេមេគង្គ។ ទោះបីជាមិនបានទទួលបានចំណាត់ថ្នាក់លេខ១ ក៏រឿង «វិកលចរិត» ត្រូវបានគណកម្មការប្រកួត សម្រេចផ្ដល់ជូន នូវពានរង្វាន់មួយមានឈ្មោះថា «The Screening Award of Lanmei International Film Wee» ដែលជាពានខ្នាតអន្តរជាតិ ធ្វើឲ្យរឿង «វិកលចរិត» ទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។
ភាពយន្តរឿង «វិកលចរិត» ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វាយតម្លៃថា ល្អ មានគុណភាពសមស្រប ហើយមិនមែនជាភាពយន្តកំប្លែង ភ័យរន្ធត់ ឥតប្រយោជន៍ ដូចជាភាពយន្តដទៃ នាពេលកន្លងមកនោះទេ ព្រោះភាពវិកលចរិតរបស់មនុស្ស ត្រូវបានលាតត្រដាងក្នុងភាពយន្តនេះ ហើយនឹងធ្វើឲ្យអ្នកទស្សនា យល់កាន់តែច្បាស់៕