(ភ្នំពេញ)៖ ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅឯរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា បានប្រកាសថា រហូតដល់ពេលនេះ ពុំមានផែនការណាមួយ ដើម្បីជជួបជជែកគ្នារវាងក្រុមថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សទាំងពីរនៅឡើយទេ។
សម្តេច ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំកំពុងពិនិត្យពេលវេលា មិនទាន់កំណត់ពេលជួបគ្នានៅឡើយទេ»។ សម្តេចបន្ថែម «យើងមិនមានអ្វីប្រែប្រួលទេ ប៉ុន្តែយើងកំពុងរកពេលវេលាដើម្បីជួប»។
នាថ្មីៗនេះមានបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា គណបក្សទាំងពីរ នឹងជួបគ្នានៅចុងខែនេះ ដើម្បីពិភាក្សាអំពីការដោះលែង មន្រ្តីសង្គមស៊ីវិល និងគ.ជ.ប ដែលជាប់ឃុំក្នុងករណីសូកប៉ាន់សាក្សី។ ទោះជាយ៉ាងសម្តេច ស ខេង បានបញ្ជាក់ថា រហូតដល់ពេលនេះសម្តេចមានការ មមាញឹកនឹងការងារ ហើយភាគីទាំងពីរក៏មិនទាន់បានរៀបចំជំនួបនៅឡើយទេ៕