(ភ្នំពេញ)៖ អ្នកជំងឺសឹករលាកសន្លាក់ និងស្ពោធឆ្អឹងប្រមាណ៥០នាក់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ទទួលបានការពិនិត្យ ព្យាបាល និងផ្តល់ឱសថ ដោយឥតគិតថ្លៃពីសំណាក់គ្រូពេទ្យជំនាញរបស់ប្រទេសវៀតណាម នៅមន្ទីរពេទ្យជោរ៉ៃភ្នំពេញ។
ក្រុមអ្នកជំងឺដែលកំពុងជួបការលំបាក ផ្នែកជីវភាព និងការចំណាយលើការព្យាបាល បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលទទួលបានសេវាសុខភាព ដោយឥតគិតថ្លៃនេះ ហើយបានចាត់ទុកកម្មវិធីសប្បុរធម៌នេះ គឺជាកម្មវិធីល្អមួយ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមមួយពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល នៅកម្ពុជា។
លោកវេជ្ជបណ្ឌិត ង្វៀន ឌិញខា ឯកទេសសន្លាក់-ឆ្អឹង នៅមន្ទីរពេទ្យជោរ៉ៃហូជីមិញ ដែលបានអញ្ជើញមកពិនិត្យអ្នកជំងឺកម្ពុជា ដោយឥតគិតថ្លៃនេះ បានឲ្យដឹងថា អ្នកជំងឺកម្ពុជា ដែលលោកពិនិត្យជំងឺសឹកសន្លាក់ និងស្ពោធភាគច្រើន ជាស្ត្រីវ័យចំណាស់ ដែលអស់រដូវ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ដែរថា អ្នកជំងឺសឹកសន្លាក់ និងស្ពោធឆ្អឹងនៅកម្ពុជា និងវៀតណាម មិនមានសភាពខុសប្លែកពីគ្នាច្រើននោះទេ គឺមានករណីប្រហាក់ប្រហែលគ្នា។
លោកវេជ្ជបណ្ឌិតឯកទេស បានបន្ថែមថា ជំងឺសឹករលាកសន្លាក់ និងស្ពោធឆ្អឹង ភាគច្រើនកើតមានលើមនុស្សលើសទម្ងន់ ធ្វើការងារប្រើកម្លាំងច្រើន ឬហាត់ប្រាណខុសបច្ចេកទេស ហើយលោកបានបញ្ជាក់ថា ដើម្បីជៀសវាងជំងឺទាំងនេះ គួរហាត់ប្រាណឲ្យបានទៀងទាត់ និងជ្រើសរើសលំហាត់ប្រាណណាមួយ សមស្របតាមមនុស្សម្នាក់ៗ បរិភោគអាហារប្រកបដោយសារធាតុវីតាមីន ធានាឲ្យបាននូវការរស់នៅស្អាតជាប្រចាំថ្ងៃ និងជៀសវាងការដួល ឬប៉ះទង្គិច៕