(ភ្នំពេញ)៖ Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័ត ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយ Emerald HUB ដើម្បីបង្កើត កន្លែងធ្វើការងាររួមគ្នាមួយ ដែលលើកស្ទួយសហគ្រិនភាពនៅកម្ពុជា ហើយភាពជាដៃគូនេះ មានភាពស្របតាមកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ Smart ក្នុងការបង្កើតមធ្យោបាយថ្មីៗ ដើម្បីពង្រឹង និងអភិវឌ្ឍបរិយាកាសបច្ចេកវិទ្យាឌីជីថល និងកាត់បន្ថយគម្លាតបច្ចេកវិទ្យា នៅកម្ពុជា ។
មូលដ្ឋានរបស់ Emerald HUB នៅអាគារ PPIU ដើរតួជាកន្លែងធ្វើការងាររួមគ្នាមួយផង និងជាសហគមន៍នៃក្រុមមនុស្សមានគំនិតច្នៃប្រឌិត និងសហគ្រិនភាព ដែលមានសាវតាផ្សេងៗគ្នា ហើយពួកគាត់ជួយណែនាំ និងផ្តល់ឱកាសឲ្យសិស្ស-និស្សិត អ្នកធ្វើការឯករាជ្យ វិនិយោគិនខ្នាតតូច និងមធ្យម អាចអភិវឌ្ឍ និងពង្រីកគំនិតអាជីវកម្មរបស់ពួកគេ ។ ចក្ខុវិស័យរបស់ Emerald HUB គឺការបង្កើតបរិយាកាសបំពេញការងាររួមគ្នាល្អជាងគេនៅកម្ពុជា សម្រាប់បុគ្គលមានភាពច្នៃប្រឌិត និងអ្នកមានគំនិតបង្កើតអាជីវកម្មថ្មីៗ តាមរយៈការផ្តល់វេទិកាមួយ សម្រាប់ពួកគាត់រៀនសូត្រ ចែករំលែក បង្កើត បំពេញការងារ ភ្ជាប់ទំនាក់ទំនង និងអភិវឌ្ឍខ្លួនជាមួយគ្នា ។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែកបន្ថែមទៀត របស់ Smart ក្នុងការជំរុញ សហគ្រិនភាពផ្នែកបច្ចេកវិទ្យា និងឌីជីថល ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលក្នុងប្រទេសកម្ពុជា ហើយតាមរយៈកិច្ចសហការរួមគ្នា ពេលនេះ យើងសង្ឃឹមថា ការប្រើប្រាស់ការិយាល័យធ្វើការរួមគ្នា និងលើកទឹកចិត្តសហគ្រិនវ័យក្មេង ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ»។
លោក ឈាង សុភក្តិ សហស្ថាបនិករបស់ Emerald HUB ក៏បានបង្ហាញក្តីត្រេកអរដូចគ្នាចំពោះភាពជាដៃគូនេះ ហើយលោកបានលើកឡើងផងដែរថា «ភាពជាដៃគូជាមួយក្រុមហ៊ុន Smart អនុញ្ញាតឱ្យយើង អាចផ្តល់ការគាំទ្រកាន់តែច្រើនដល់សហគ្រិន ជាពិសេសនៅដំណាក់កាលដំបូងៗ នៃការអភិវឌ្ឍអាជីវកម្ម របស់គាត់ ក៏ដូចជាជួយឲ្យកន្លែងធ្វើការងាររួមគ្នារបស់យើង មានលក្ខណៈអំណោយផលកាន់តែខ្ពស់ ចំពោះសហគមសហគ្រិន ទាំងមូល យើងពិតជាសប្បាយចិត្ត ដោយបានសហការជាមួយក្រុមហ៊ុន Smart និងដៃគូដទៃទៀត ដើម្បីបង្កើតសេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីៗ សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា» ។
លោកបន្ដថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart តែងបាននឹងកំពុងគាំទ្រសហគ្រិនដែលមានទេពកោសល្យ និងភាពច្នៃប្រឌិត ជាពិសេសចំពោះគំនិតអាជីវកម្ម ដែលចេះចាប់យកឱកាសយ៉ាងធំធេង នៃបច្ចេកវិទ្យាឌីជីថល ដែលយើងរំពឹងថា នឹងកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគត ឆាប់ៗខាងមុខនេះ៕