Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តហ៊ីណូ ព្រលះរថយន្តសាំយ៉ុង លាន់ដូចរន្ទះ របួសធ្ងន់ស្រាល៤នាក់ ក្នុងស្រុកបាកាន ជនបង្ករត់គេចខ្លួនបាត់

26-12-2016 11:11

(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ រថយន្តហ៊ីណូ ១គ្រឿង ជ្រុលទៅបុករថយន្តសាំយ៉ុង ១គ្រឿងទៀត ពេញមួយទំហឹង លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៩៧-១៩៨ ស្ថិតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ បង្កដោយរថយន្តម៉ាកហ៊ីណូ ពណ៌ស ខណៈកំពុងដឹកផ្លែស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-3946 បើកបរដោយបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់។

លុះដល់ចំណុចកើតហេតុខាងលើ រថយន្តម៉ាកហ៊ីណូបានបត់ឆ្វេង តែដោយធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយ រថយន្ត ១គ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z 9474 បើកបរដោយឈ្មោះ សុខ ជា អាយុ៤៣ឆ្នាំ រស់នៅភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពេញមួយទំហឹងក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា។

ក្នុងហេតុការណ៍នោះ អ្នកបើកបររថយន្តសាំងយ៉ុង បានរបួសស្រាល ហើយមានអ្នករួមដំណើរ ៣នាក់ទៀត ១-សួង ស៊ុ អាយុ៥៣ឆ្នាំ រស់នៅភូមិឈ្នួល ឃុំពេជចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់), ២-សេង ចាប ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) និង៣-សាន ពៅ អាយុ៤១ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល)។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿង ត្រូវបានស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំដោះស្រាយជាមួយគ្នា នៅពេលក្រោយ។ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់៕