(ភ្នំពេញ)៖ បន្ទាប់ពីជជែកដេញដោលអស់រយៈពេលជិត៣ម៉ោង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ ចំពោះសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមសំឡេងសមាជិក៩៣ លើ១០០រូប។
កិច្ចប្រជុំនៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតំណាងរាស្រ្តរបស់គណបក្សទាំងពីរផងដែរ។ កិច្ចប្រជុំនេះគ្រាដំបូងមានកូរ៉ុម (សមាជិកសភា) តែ៩២ប៉ុណ្ណោះ ប៉ុន្តែបានកើនឡើងជាបន្តបន្ទាប់រហូតដល់១០០នាក់។
សូមបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល បន្ទាប់ពីដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាំងពីដើមឆ្នាំ២០១៦ មានប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ចំណុចដែលបានសម្រេចធ្វើវិសោធនកម្មឡើងវិញនោះ មានដូចជាមាត្រា៩, មាត្រា៤០, មាត្រា៤១, មាត្រា៤៨, មាត្រា៧៥, មាត្រា៧៧, មាត្រា៩២, មាត្រា៩០ជាដើម៕