(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកស្រី អ៊ឹម​​ ថាវីជានុ ប្រធានសាខាកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារនាំយកអំណោធម៌កាកបាទក្រហមកម្ពុជារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងផ្ទុកមេរោគអេដស៍ចំនួន ៤០គ្រួសារ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

នៅចំពោះមុខប្រជាពលរដ្ឋ លោក ហែម ដារិទ្ធ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងតែគិតគូពីការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយបានចាត់ចែងឲ្យអាជ្ញាធរ និងក្រុមការងារនាំយកអំណោយ ទៅចែកជូនជាបន្តបន្ទាប់។

លោកអភិបាលខណ្ឌបានបន្តថា បើទោះបីជាអំណោយទាំងនេះ មិនអាចបំពេញតាមតម្រូវការគ្រប់គ្រាន់ របស់ប្រជាពលរដ្ឋក៏ដោយ តែអាចជួយសម្រាលជីវភាព បានមួយកម្រិតផងដែរ។

ជាមួយគ្នានេះ អំណោយដែលបានយកទៅចែកជូនប្រជាពលរដ្ឋ នាឱកាសនោះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ម៉ុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ និងថវិកា ៥០,០០០រៀល៕