(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះថា រយះពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានបទល្មើសចំនួន៥ បានកើតឡើង ប៉ុន្តែកម្លាំងសមត្ថកិច្ច ដែលយាមនៅតាមគោលដៅ បានបង្ក្រាបទាំងអស់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា បទល្មើសទាំង៥ករណីនេះ មានលួច៣ករណី និងហិង្សាដោយចេតនា២ករណី បណ្តាលឲ្យរងរបួសម្នាក់ ក្នុងនោះបទល្មើសលួចកម្លាំងសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ៣នាក់ និងហិង្សាដោយចេតនាបង្ក្រាបបានជនសង្ស័យ៨នាក់ ព្រមទាំងវត្ថុតាងមួយចំនួនផងដែរ ហើយជនសង្ស័យទាំងនេះត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមរបាយការណ៍ របស់គណ:កម្មការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ បានបង្ហាញថា រយៈពេល៣ថ្ងៃ (២៣-២៥ ធ្នូ) សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ ហើយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចន្លោះពី៥៥ ទៅ៦០មឺិននាក់ បានអញ្ជើញចូលរួមទស្សនា។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៥ រយះពេល៣ថ្ងៃនេះ បានប្រារព្ធធ្វើឡើងនៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «ទីក្រុងបៃតង-ឆ្នេរស្អាត-សមុទ្រខៀវស្រងាត់» ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពប្រកាសបើក ជាផ្លូវការនៅយប់ថ្ងៃទី២ ផងដែរ។
នៅយប់មិញ ដែលជាថ្ងៃបញ្ចប់ពិធីនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការអន្តរក្រសួងរៀបចំបុណ្យសមុទ្រឆ្នាំ២០១៦ លោកបណ្ឌិត ថោង ខុន បានលើកឡើងពីការទទួលជោគជ័យដ៏ធំធេង នៃការរៀបចំពីធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានកោតសរសើរចំពោះគ្រប់ផ្នែក ភាគីពាក់ពាន់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ផ្នែកឯកជននិងបងប្អូនប្រជាពលរដ្ឋ ដែលបានរួមសហការយ៉ាងល្អ ប្រកបដោយស្មារតីទទទួលខុសត្រូវខ្ពស់ ជាពិសេសការការពារសន្តិសុខ និងសណ្តាប់ធ្នាប់៕