(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលមានមេក្លោងជាជនជាតិបរទេសចំនួន៥នាក់ នៅ២គោលដៅផ្សេងគ្នា ហើយបានដកហូតថ្នាំញៀន ព្រមទាំងសម្ភារយ៉ាងច្រើនផងដែរ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រាប់អង្គភាព Fresh News ថា កម្លាំងជំនាញបានចេញប្រតិបត្តិការបង្ក្រាបចំនួនពីរគោលដៅ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៥នាក់ ក្នុងនោះស្រី៣នាក់។
គោលដៅទី១: ប្រតិបត្តិការនេះ បានធ្វើឡើងនៅក្រុមទី១៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ រួមមាន៖
១. ឈ្មោះ Melnyk Volodymyr ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិ អ៊ុយក្រែន (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន)
២. ឈ្មោះ Lenya Vlkoval ភេទស្រី អាយុ២៦ឆ្នាំ សញ្ជាតិឆែក (មិនមានលិខិត ឆ្លងដែនជាប់នឹងខ្លួន)
៣. ឈ្មោះ Sirkia Hannah ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិហ្វាំងឡង់ (មិនមាន លិខិតឆ្លងដែនជាប់នឹងខ្លួន)។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់ការបង្ក្រាបនៅគោលដៅទី១នេះ កម្លាំងនគរបាលរបស់លោក បានដកហូតបានវត្ថុតាងរួមមាន៖ ម៉ាសីុនសម្រាប់ផលិតគ្រឿងញៀន 1គ្រឿង, ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន៤២២គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យថ្នាំញៀន ចំនួន៥៤គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យសាធាតុញៀនចំនួន២៩៥ក្រាម, ម្សៅពណ៌បៃតងសង្ស័យសាធាតុញៀន ចំនួន១ប្រអប់,ម្សៅពណ៌ផ្កាឈូកសង្ស័យសាធាតុញៀន ចំនួន១ប្រអប់, ម្សៅពណ៌ផ្កាឈូក (រាងដូចពណ៌កំបោរ) សង្ស័យសាធាតុញៀន១ប្រអប់, ម្សៅម៉ាក Microcystalline Cellulose ទម្ងន់177ក្រាម និងម្សៅម៉ាក Magnessieu Magneseum មួយចំនួនផងដែរ។
ដោយឡែក ប្រតិបត្តិការបង្ក្រាបនៅគោលដៅទី២ បានធ្វើឡើងនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត រួមមាន៖
១. ឈ្មោះ Grafma Mikhail ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 711091581
២. ឈ្មោះ Mukhametianova Elmira ភេទស្រី អាយុ៣១ឆ្នាំ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 752312661។
សម្រាប់ការបង្ក្រាបនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន: ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង, ថ្នាំឈ្មោះ Trauma ប្រភេទគ្រាប់ពណ៌ស២៦បំពង់, ម្សៅពណ៌សសង្ស័យសាធាតុញៀន៣កញ្ចប់ធំ និង៣កញ្ចប់តូច, សឺរាំងចាក់ចំនួន៤, ថ្នាំពេទ្យមួយចំនួន, ទូរស័ព្ទដៃ២គ្រឿង, កុំព្យូទ័រចំនួន១គ្រឿង, ប័ណ្ណបេីកបរ១សន្លឹក, ឌីសចំនួន២០បន្ទះ និងឯកសារមួយចំនួនទៀត។
បើតាមលោកស្នងការ សម្រាប់ករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញមន្ត្រីជំនាញ នៃមន្ទីរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មកធ្វេីការពិសោធន៍ថ្នាំខាងលេី លទ្ធផលបញ្ជាក់ថា ពិតជាថ្នាំញៀនប្រភេទ ( MDMA) ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន រួមនឹងវត្ថុតាងនៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីបន្តតាមនីតិវិធី៕