(ព្រះសីហនុ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងរៀបចំបុណ្យសមុទ្រឆ្នាំ២០១៦ ប្រជុំត្រួតពិនិ្យបូកសរុបការងារ២ថ្ងៃ និងពង្រឹងការងារបន្តដើម្បីបំរើ ប្រជាពលរដ្ឋចូលរួមកំសាន្តឲ្យបានល្អ នៅថ្ងៃទី៣នេះ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី២៥ ខែធ្នូនេះថា សម្រាប់ពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ មានអ្នកចូលរួមទស្សនាជាងកន្លះលាននាក់។
លោករដ្ឋមន្ត្រី បានរំលឹកពីការទទួលជោគជ័យដ៏ធំធេង នៃការរៀបចំពីធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានកោតសរសើរចំពោះគ្រប់ផ្នែក ភាគីពាក់ពាន់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ផ្នែកឯកជននិងបងប្អូនប្រជាពលរដ្ឋ ដែលបានរួមសហការយ៉ាងល្អ ប្រកបដោយស្មារតីទទទួលខុសត្រូវខ្ពស់ ជាពិសេសការការពារសន្តិសុខ និងសណ្តាប់ធ្នាប់។ លោករដ្ឋមន្រ្តីក៏បានកោតសរសើរចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ឋក្នុងកន្លែងប្រារព្ឋពិធី បានទាល់ពេលវេលា ទោះបីពេលខ្លះធាតុអាកាសមិនអំណោយផល ពិសេសកងវិស្វកម្មរបស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ឈន សារណេ និងសហការីដែលបានខិតខំទាំងថ្ងៃទាំងយប់ មិនខ្លាចនឿយហត់។
ព្រមជាមួយនោះលោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធរណការ ដែលបានជំរុញការអភិវឌ្ឍនដូចជា ផ្លូវទេសចរថ្មើរជើង តំបន់ Pub Street ថ្មីបានល្អ និងក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដែលបានកសាងផ្លូវចូលទៅព្រលានយន្តហោះកងកេងផងដែរ។
ដោយឡែកថ្ងៃទី៣នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងសកម្មភាពកីឡា និងពិពណ៌ពេលថ្ងៃ ក៏មានមនុស្សចូលរួមទស្សនាច្រើន ហើយនៅពេលយប់នេះដែលជា យប់បង្ហើយ ក៏មានមនុស្សចូលរួមទស្សនាការសំដែងសិល្បះ របាំ ចម្រៀងខ្មែរ និងបរទេសយ៉ាងច្រើនកុះករប្រមាណជាង២០ម៉ឺននាក់ផងដែរ។
សរុបទាំំង៣ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងទេសចរប្រមាណ៥០ឞ៉ឺននាក់ចូលរួម។
គួរបញ្ជាក់ថា នៅថ្ងៃទី២៥នេះជាថ្ងៃបុណ្យណូអែលផង នៅតមសណ្ឋាគារនានាក៏មានរៀបចំកម្មវិធីរបស់ទេសចរអឺរ៉ុបផងដែរ៕