(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១នៃក្រុមការងារ CPP ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារ CPP ចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ក្នុងពេលចុះមូលដ្ឋាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានថ្លែងថា មេភូមិ-មេឃុំ ត្រូវធ្វើជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបន្តចុះដោះស្រាយបញ្ហានានាជូនពួកគាត់ ឲ្យដូចភ្លៀងរលឹម។
នៅចំពោះមុខក្រុមការងារ និងប្រជាពលរដ្ឋនៅភូមិរទាំងខាងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ប្រមាណ៦០០នាក់ លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាពេលនេះ គឺដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរជូនប្រជាពលរដ្ឋ មិនមែនចុះមកដើម្បីសន្យា ហើយមិនធ្វើនោះទេ។
លោកបានបន្តថា «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់អាជ្ញាធរ និងក្រុមការងារចុះជួយមូលដ្ឋាន បើប្រជាពលរដ្ឋមានបញ្ហាអ្វី នៅក្នុងគ្រួសារ សូមនិយាយឲ្យត្រង់ទៅត្រង់មក កុំខ្លាចរអែងអី ដើម្បីឲ្យក្រុមការងាររបស់គណបក្សប្រជាជន បានដឹង និងដោះស្រាយជូនទាន់ពេលវេលា»។
លោកបានបន្ថែមថា ការចុះជួបប្រជាពលរដ្ឋមូលដ្ឋានជាប្រចាំនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងា ត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្រេកឃ្លាន នោះឡើយ។
លោកថា «អ្វីដែលសំខាន់នោះ សូមលោកមេភូមិ-មេឃុំ ត្រូវចុះជាប់ជាប្រចាំ ក្តាប់ព័ត៌មានឲ្យបាន ហើយរាយការណ៍ពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដាក់ជូនថ្នាក់ដឹកនាំជាប្រញាប់ ដើម្បីដោះស្រាយឲ្យទាន់ពេលវេលា»។
នៅក្នុងពិធីសំណេះសំណាលនោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានសំណូមពរឲ្យលោកជាប្រធានក្រុមការងារ ជួយដោះស្រាយនូវការតភ្ជាប់បណ្តាញទឹកស្អាត, បញ្ហាខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ, បញ្ហាខ្វះមធ្យោបាយជិះទៅសាលារបស់សិស្សានុសិស្ស, បញ្ហាខ្វះថវិកាសម្រាប់ទិញសម្ភារជួសជុលផ្ទះ ជាដើម។
មិនត្រឹមមិនតែប៉ុណ្ណោះ លោក ម៉ក់ ពេជរិទ្ធ ក៏បានផ្តល់នូវអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋខាងលើ ផងដែរ ដោយក្នុង១គ្រួសារៗ ទទួលបានមីចំនួន ១កេះ។ ចំពោះស្ត្រីដែលសម្រាលកូន ក៏ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល គ្រប់ក្រុមគ្រួសារទាំងអស់៕