(ភ្នំពេញ)៖ ព្រលប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនាមទីក្រុងសម្ព័ន្ធភាព។
នេះជាដំណើរទស្សនកិច្ចដែលធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ភ្នំពេញ-ហាណូយ កាន់តែល្អប្រសើរ ជាពិសេសទៅលើបទពិសោធន៍ នៃការអភិវឌ្ឍទីក្រុង។ តាមរយៈទីក្រុងសម្ព័ន្ធភាព ទីក្រុងហាណូយបានផ្តល់ជំនួយលើវិស័យជាច្រើនដល់រាជធានីភ្នំពេញ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអប់រំជាដើម។
ទីក្រុងហាណូយ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង២៥ នៃបណ្តាប្រទេសនានាលើសកលលោក ដែលបានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ ជាដៃគូជាមួយ នឹងរាជធានីភ្នំពេញ។ នៅក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនេះ លោកអភិបាលរាជធានីនឹងជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ និងជួបពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយផងដែរ៕